អ្នកឆ្លើយឆ្លងព័ត៌មានរបស់គេហទំព័រ Axios លោក Barak Ravid បានសរសេរដោយដកស្រង់ប្រភពរបស់លោកថា មេដឹកនាំមូស្លីមទាំងអស់ដែលបានចូលរួមក្នុងសន្និសីទតាមទូរស័ព្ទជាមួយប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) បានជំរុញឲ្យលោកធ្វើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ និងបញ្ចប់អរិភាពនៅក្នុងតំបន់។

នាពេលមុននេះ លោក ត្រាំ បាននិយាយថា លោកបានធ្វើសន្និសីទតាមទូរស័ព្ទជាមួយមេដឹកនាំនៃប្រទេសបារ៉ែន អេហ្ស៊ីប ហ្ស៊កដានី កាតា អេមីរ៉ាតអារ៉ាប់រួម ប៉ាគីស្ថាន អារ៉ាប៊ីសាអ៊ូឌីត និងទួរគី ហើយបានពិភាក្សាជាមួយពួកគេអំពីអនុស្សរណៈនៃការយោគយល់គ្នាទាក់ទងនឹងកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់។

លោកបានសរសេរនៅលើបណ្តាញសង្គម X ថា៖«ប្រភពព័ត៌មានក្នុងតំបន់មួយ បាននិយាយថា មេដឹកនាំអារ៉ាប់ និងមូស្លីមទាំងអស់ ដែលបានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយលោក ត្រាំ កាលពីថ្ងៃសៅរ៍ បានជំរុញឲ្យលោកបន្តកិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្គ្រាម និងបន្ថយស្ថានការណ៍នៅក្នុងតំបន់»។
លោក Ravid បានបន្ថែមថា៖«សារពីមនុស្សគ្រប់គ្នា គឺសូមបញ្ឈប់សង្គ្រាមនេះ ដើម្បីផលប្រយោជន៍របស់តំបន់ទាំងមូល»៕