ដោយដកស្រង់ប្រភពមួយនៅក្នុងរដ្ឋបាលរបស់មេដឹកនាំបារាំង ទីភ្នាក់ងារសារព័ត៌មាន AFP បាននិយាយបន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរបស់ពួកគេថា ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានអំពាវនាវដល់សមភាគីបេឡារុសរបស់លោក គឺលោក Alexander Lukashenko ឲ្យជៀងវាងការអូសទាញទីក្រុង Minsk ចូលទៅក្នុងជម្លោះអ៊ុយក្រែន និងចាត់វិធានការ ដើម្បីកែលម្អទំនាក់ទំនងរបស់ប្រទេសលោក ជាមួយសហភាពអឺរ៉ុប។

ប្រភពដដែលបាននិយាយថា៖«លោកប្រធានាធិបតីបារាំង បានបញ្ជាក់ពីហានិភ័យដែលប្រទេសបេឡារុស នឹងប្រឈម ប្រសិនបើត្រូវបានអូសទាញចូលទៅក្នុងសង្គ្រាមនៅអ៊ុយក្រែន។ លោកក៏បានអំពាវនាវឲ្យ លោក Lukashenko ចាត់វិធានការចាំបាច់ ដើម្បីកែលម្អទំនាក់ទំនងរវាងប្រទេសនេះ និងអឺរ៉ុប»។
បណ្តាញសារព័ត៌មាន Pul Pervogo Telegram ដែលជិតស្និទ្ធនឹងសេវាសារព័ត៌មានរបស់ប្រធានាធិបតីបេឡារុស បាននិយាយនាពេលមុននេះថា លោក Lukashenko បាននិយាយតាមទូរស័ព្ទជាមួយលោក ម៉ាក្រុង។ យោងតាមសារព័ត៌មាននេះ ការសន្ទនាតាមទូរស័ព្ទនេះ ត្រូវបានផ្តួចផ្តើមដោយភាគីបារាំង។ ប្រធានាធិបតីទាំងពីរ បានពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងទំនាក់ទំនងទ្វេភាគី។ ការសន្ទនាតាមទូរស័ព្ទពីមុនរបស់ពួកគេ បានធ្វើឡើង នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២២៕
