មន្ត្រីជាន់ខ្ពស់ផ្នែកការបរទេសរបស់កោះតៃវ៉ាន់ នៅថ្ងៃចន្ទ (ទី២៥ ខែឧសភា ឆ្នាំ២០២៦) នេះ បាននិយាយថា ការជជែកតាមទូរស័ព្ទ រវាងមេដឹកនាំសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ នឹងជារឿងវិជ្ជមាន ប៉ុន្តែវាអាស្រ័យលើលោកប្រធានាធិបតី Donald Trump ក្នុងការផ្ដួចផ្ដើមរឿងនេះ ខណៈដែលភាគីទាំង២ មិនទាន់បានពិភាក្សា អំពីការសន្ទនាណាមួយនៅឡើយទេ។

ជំនួបតាមទូរស័ព្ទ រវាងមេដឹកនាំទាំង២ នឹងមិនធ្លាប់មានពីមុនមកទេ ហើយប្រឈមនឹងហានិភ័យធ្វើឲ្យមានការរង្គោះរង្គើ ក្នុងទំនាក់ទំនងរបស់ទីក្រុងវ៉ាស៊ីនតោន ជាមួយក្រុងប៉េកាំងដែលចាត់ទុកកោះស្វ័យគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យមួយនេះថា ជាទឹកដីរបស់ខ្លួន។
ប្រធានាធិបតីសហរដ្ឋអាមេរិក និងមេដឹកនាំកោះតៃវ៉ាន់ មិនបានជជែកគ្នាដោយផ្ទាល់ឡើយ ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោន បានបង្វែរការទទួលស្គាល់ការទូតពីទីក្រុងតៃប៉ិ ទៅទីក្រុងប៉េកាំងវិញ ក្នុងឆ្នាំ១៩៧៩។
លោក Trump បានលើកឡើងម្តងទៀតកាលពីថ្ងៃទី២០ ខែឧសភាថា លោកនឹងជជែកជាមួយមេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te ដោយធ្វើឲ្យបាត់នូវការរំពឹងទុកពីដំបូង ដែលថា ការលើកឡើងលើកដំបូងរបស់លោក អំពីករណីនេះ បន្ទាប់ពីបានជួបជាមួយប្រធានាធិបតីចិន លោក Xi Jinping នាដើមខែឧសភានេះ គឺជាការនិយាយខុសដោយអចេតនា។

ជាការឆ្លើយសំណួរជាមួយតំណាងរាស្ត្រ នៅសភា មន្ត្រីជាន់ខ្ពស់ការបរទេសកោះតៃវ៉ាន់ លោក Lin Chia-lung បាននិយាយថា គំនិតផ្តួចផ្តើមឲ្យមានការជជែកតាមហៅទូរស័ព្ទ គឺអាស្រ័យលើលោក Trump ប៉ុន្តែបញ្ជាក់ថា មិនទាន់មានការពិគ្រោះយោបល់ទ្វេភាគីអំពីជំនួបបែបនេះនៅឡើយទេ។ លោក Lin បាននិយាយថា៖ «ប្រសិនបើមានការសន្ទនាតាមទូរស័ព្ទ រវាងប្រមុខរដ្ឋរបស់សហរដ្ឋអាមេរិក និងមេដឹកនាំកោះតៃវ៉ាន់ ខ្ញុំគិតថា យើងនឹងមើលឃើញពីភាពវិជ្ជមានខ្លាំងណាស់»៕
