ការតវ៉ាប្រឆាំងរដ្ឋាភិបាលដែលទាមទារឲ្យប្រធានាធិបតីបូលីវី លោក Rodrigo Paz លាលែងពីតំណែងបានបន្តមាននៅថ្ងៃអាទិត្យ (ទី២៤ ខែឧសភា ឆ្នាំ២០២៦) ខណៈដែលប្រទេសនេះនៅតែជាប់ក្នុងវិបត្តិ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
នៅក្នុងការតវ៉ានេះ ក្រុមបាតុករបានដាក់របាំងបិទផ្លូវ និងបិទផ្លូវហាយវេ នៅទីតាំង ៥៩កន្លែង នៅទូទាំងតំបន់រដ្ឋបាលចំនួន ៩ របស់ប្រទេស។ ដោយផ្អែកលើផែនទីប្រាប់ផ្លូវចុងក្រោយបំផុតដែលបានចេញផ្សាយដោយរដ្ឋបាលផ្លូវហាយវេរបស់បូលីវី ការដឹកជញ្ជូនត្រូវបានរំខាននៅក្នុងតំបន់ Andean របស់ទីក្រុង La Paz, Oruro និង Potosi ក៏ដូចជានៅក្នុងតំបន់កណ្តាលនៃទីក្រុង Chuquisaca និង Cochabamba និងតំបន់ភាគខាងកើតនៃទីក្រុង Santa Cruz de la Sierra។

ការប៉ុនប៉ងរបស់កងកម្លាំងសន្តិសុខ ដើម្បីបើកផ្លូវហាយវេប្រវែង ២២៧គីឡូម៉ែត្រឡើងវិញ រវាងទីក្រុង La Paz និង Oruro ជាផ្នែកមួយនៃប្រតិបត្តិការមួយដែលមានឈ្មោះថា White Flag Humanitarian Corridor ត្រូវបានជួបនឹងការតស៊ូយ៉ាងខ្លាំងពីក្រុមបាតុករ ដែលត្រូវបានគេរាយការណ៍ថា បានគប់របស់មិនល្អ និងដុំថ្មទៅលើនគរបាល។
ការតវ៉ា ដែលបានបន្តអស់រយៈពេលជិត ៣សប្តាហ៍ប្រឆាំងនឹងអ្វីដែលត្រូវបានពិពណ៌នាថា ជាវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ប្រទេសបូលីវី ក្នុងរយៈពេល ៤០ឆ្នាំចុងក្រោយនេះ បាននាំឲ្យមានការប៉ះទង្គិចគ្នា រវាងក្រុមបាតុករ និងកងកម្លាំងសន្តិសុខ នៅទីក្រុងជាច្រើន ជាពិសេសរដ្ឋធានីរដ្ឋបាល La Paz។ ចំនួនមនុស្សដែលត្រូវបានឃុំខ្លួន ក្នុងអំឡុងពេលមានភាពចលាចល ត្រូវបានគេរាយការណ៍ថា បានកើនឡើងដល់ ១២០នាក់ហើយ។
អតីតប្រធានាធិបតីបូលីវី លោក Evo Morales បានអំពាវនាវឲ្យរដ្ឋាភិបាលរៀបចំការបោះឆ្នោត ក្នុងរយៈពេល ៩០ថ្ងៃ ជាដំណោះស្រាយចំពោះវិបត្តិ។ រដ្ឋបាលរបស់លោក Paz បានស្តីបន្ទោសអ្នកគាំទ្ររបស់លោក Morales ដែលបច្ចុប្បន្នកំពុងប្រឈមនឹងដីកាចាប់ខ្លួនថា បានបង្កឲ្យមានអំពើហិង្សា និងភាពចលាចលនេះ៕


