តម្លៃប្រេងបានធ្លាក់ចុះយ៉ាងខ្លាំង ហើយទីផ្សារភាគហ៊ុនអាស៊ីបានកើនឡើងដោយសារក្តីសង្ឃឹមនៃកិច្ចព្រមព្រៀងមួយដែលអាចនាំមកនូវការបញ្ចប់សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់។
លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក បានថ្លែងក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌាថា ក្រុមអ្នកចរចាមាន "ចំណុចរឹងមាំមួយនៅលើតុ" ហើយកិច្ចព្រមព្រៀងដើម្បីបញ្ចប់ជម្លោះអាចនឹងឈានដល់នៅថ្ងៃចន្ទនេះ។
នៅព្រឹកថ្ងៃចន្ទ២៥ឧសភា នេះ តម្លៃប្រេងឆៅសកល Brent បានធ្លាក់ចុះ ៥,៥ % មកនៅត្រឹម ៩៧ ,៩០ដុល្លារ ឬស្មើ ៧២,៦៤ ផោន ក្នុងមួយបារ៉ែល ខណៈប្រេងឆៅដែលជួញដូរនៅសហរដ្ឋអាមេរិកបានធ្លាក់ចុះ ៥,៩% មកនៅត្រឹម ៩០,៩៣ ដុល្លារក្នុងមួយបារ៉ែល។

ប្រធានាធិបតីអាមេរិក Donald Trump ធ្លាប់បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងរួមបញ្ចូលការបើកផ្លូវដឹកជញ្ជូនដ៏សំខាន់នៃច្រកសមុទ្រ Hormuz ឡើងវិញ ដោយពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែម។
អ៊ីរ៉ង់បាននិយាយថា ជំហររបស់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានស្របគ្នាកាលពីសប្តាហ៍មុន។
ផ្លូវទឹកតូចចង្អៀតនេះ ដែលប្រេង និងឧស្ម័នធម្មជាតិរាវ (LNG) របស់ពិភពលោកប្រហែលមួយភាគប្រាំឆ្លងកាត់ជាធម្មតា ត្រូវបានបិទយ៉ាងជិតចាប់តាំងពីជម្លោះបានចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ ២០២៦នេះ៕

