ប្រធានាធិបតីលីបង់ លោក Joseph Aoun នៅថ្ងៃចន្ទ (ទី២៥ ខែឧសភា ឆ្នាំ២០២៦) នេះ បាននិយាយថា ការដកទ័ពរបស់អ៊ីស្រាអែលចេញពីភាគខាងត្បូងនៃប្រទេសនេះ គឺជាអ្វី «មិនអាចចរចាបាន» ដោយទាមទារថា អាជ្ញាធរនឹងត្រូវបន្តតាមរយៈការចរចានានា ដោយការលើកឡើងនេះ កើតមានប៉ុន្មានថ្ងៃមុនការចរចាជុំថ្មី នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដើម្បីរំលឹកដល់ការដកទ័ពពីមុនរបស់អ៊ីស្រាអែលចេញពីភាគខាងត្បូងលីបង់ ក្នុងឆ្នាំ២០០០ បន្ទាប់ពីបានកាន់កាប់ប្រហែល ២ទសវត្សរ៍ លោក Aoun បាននិយាយថា៖ «ឆ្នាំនេះ ខួបនៃការរំដោះ បានកើតឡើង ខណៈដែលប្រទេសលីបង់ត្រូវបានជួបប្រទះនឹងការពិតដ៏ឈឺចាប់មួយ»។

លោកបានបន្តថា៖ «ការវាយប្រហាររបស់អ៊ីស្រាអែលមិនទាន់បានបញ្ឈប់នៅឡើយទេ ហើយភូមិ នៅភាគខាងត្បូងជាទីស្រឡាញ់របស់យើង នៅតែរងទុក្ខវេទនាក្រោមការកាន់កាប់ថ្មី»។
កងទ័ពអ៊ីស្រាអែល ដែលបានឈ្លានពានលីបង់ ក្នុងអំឡុងសង្គ្រាមចុងក្រោយជាមួយក្រុមហេសបូឡា ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២ ខែមីនា កំពុងប្រតិបត្តិការនៅខាងក្នុង «ខ្សែបន្ទាត់ព្រំដែនពណ៌លឿង» ប្រកាសដោយខ្លួនឯង ដែលលាតសន្ធឹងប្រហែល ១០គីឡូម៉ែត្រ ចូលជ្រៅទៅខាងក្នុងទឹកដីលីបង់។ យោធាអ៊ីស្រាអែលក៏បានធ្វើការវាយប្រហារយ៉ាងខ្លាំងហួសពីតំបន់នោះដែរ ទោះបីជាមានបទឈប់បាញ់ ដែលត្រូវបានសន្មត់ថា នឹងមានសុពលភាពចាប់តាំងពីថ្ងៃទី១៧ ខែមេសាក៏ដោយ។
លោក Aoun បានសង្កត់ធ្ងន់ថា៖ «ប្រទេសលីបង់នឹងមិនទទួលយកការពិតនេះទេ។ ផ្លូវឆ្ពោះទៅរកការដកទ័ពចេញទាំងស្រុងរបស់អ៊ីស្រាអែល នឹងនៅតែជាការទាមទារជាតិដែលមិនអាចសម្របសម្រួលបាន និងឥតប្រែប្រួល ដែលរដ្ឋលីបង់ខិតខំសម្រេចបាន តាមរយៈជម្រើសនៃការចរចា»៕
លីបង់ និងអ៊ីស្រាអែលបានចាប់ផ្តើមកិច្ចចរចាដ៏សំខាន់ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក កាលពីខែមុន ហើយកំពុងរៀបចំសម្រាប់ជុំទី៤ នៅដើមខែមិថុនា តែនៅមុននោះ មានកិច្ចប្រជុំមួយ រវាងគណៈប្រតិភូយោធា នៅមន្ទីរបញ្ចកោណ នាថ្ងៃទី២៩ ខែឧសភា៕

