នាថ្ងៃចន្ទ (ទី២៥ ខែឧសភា ឆ្នាំ២០២៦) នេះ ប្រទេសចិនបានជំរុញឲ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បន្ត «សន្ទុះនៃការបន្ថយភាពតានតឹង» ខណៈលេចឡើងនូវសញ្ញាដែលបង្ហាញថា សង្គ្រាម រវាងភាគីទាំង២ អាចនឹងថមថយ បន្ទាប់ពីមាននូវទំនាក់ទំនងការទូតថ្មីៗ។
អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Mao Ning បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងប៉េកាំងថា «ជំហររបស់ចិន ជុំវិញស្ថានភាពអ៊ីរ៉ង់ គឺច្បាស់លាស់ណាស់។ នេះគឺជាជម្លោះមួយដែលមិនគួរកើតឡើងឡើយ ហើយមិនមានភាពចាំបាច់ត្រូវបន្តវាទៀតទេ»។

លោកស្រីកំពុងឆ្លើយតបទៅនឹងសំណួរ អំពីកិច្ចខិតខំប្រឹងប្រែងការទូតដ៏ខ្លាំងក្លាដែលកំពុងបន្តឆ្ពោះទៅរកលទ្ធភាពដែលអាចកើតមានកតិកាសញ្ញា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ។
លោកស្រី Mao បាននិយាយថា៖ «ដំណោះស្រាយមុននេះ បម្រើផលប្រយោជន៍ សម្រាប់ទាំងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក៏ដូចជាប្រទេសក្នុងតំបន់ និងពិភពលោកទាំងមូល»។ អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា វា «សំខាន់ណាស់ក្នុងការរក្សាសន្ទុះនៃការបន្ថយភាពតានតឹង បន្តប្តេជ្ញាចិត្តចំពោះទិសដៅនៃដំណោះស្រាយនយោបាយ ហើយនិងស្វែងរកដំណោះស្រាយតាមរយៈការសន្ទនា និងការពិគ្រោះយោបល់ដែលសម្របសម្រួលកង្វល់របស់ភាគីទាំងអស់»។
គួបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំ ក្នុងតំបន់ ដើម្បីពិភាក្សាអំពីកិច្ចចរចាដោយប្រយោលដែលកំពុងបន្តមានជាមួយអ៊ីរ៉ង់។ យោងតាមមេដឹកនាំរូបនេះ បានឲ្យដឹងបន្ថែមថា កិច្ចព្រមព្រៀងមួយ «ត្រូវបានចរចាជាចម្បង» ហើយកំពុងរង់ចាំការបញ្ចប់៕
