រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា រដ្ឋបាលសហរដ្ឋអាមេរិក មិនបានច្រានចោលថា ប្រតិបត្តិការប្រឆាំងនឹងអ៊ីរ៉ង់ អាចត្រូវបានបន្តឡើងវិញទេ ប្រសិនបើបរាជ័យក្នុងការសម្រេចគោលបំណងរបស់ខ្លួន តាមរយៈការចរចាជាមួយទីក្រុងតេអេរ៉ង់នោះ។

លោកបានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ India Today ថា៖«ប្រធានាធិបតីនៃសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) ចង់ធ្វើឲ្យប្រាកដថា អ៊ីរ៉ង់មិនដែលមានអាវុធនុយក្លេអ៊ែរទេ។ លោកចង់ដោះស្រាយបញ្ហានេះតាមរយៈមធ្យោបាយការទូតដែលបានចរចា ហើយយើងនឹងប្រើប្រាស់គ្រប់ឱកាស ដើម្បីធ្វើដូច្នេះ»។
នៅពេលសួរថាតើទីក្រុងវ៉ាស៊ីនតោនមានគម្រោងបន្តប្រតិបត្តិការរបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់ដែរឬទេ លោកបាននិយាយថា៖«នៅទីបំផុត ជម្រើសនោះមានសម្រាប់លោកប្រធានាធិបតី ប្រសិនបើវាមិនដំណើរការ»។ លោកបានសង្កត់ធ្ងន់ថា៖«នោះមិនមែនជាចំណូលចិត្តរបស់យើងទេ។ ជម្រើសដំបូងរបស់យើង គឺធ្វើបែបនេះតាមរយៈកិច្ចព្រមព្រៀង ដែលបានចរចា ហើយនោះជាអ្វីដែលយើងកំពុងធ្វើការឆ្ពោះទៅរក»។
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី ២៨ ខែកុម្ភៈ។ នៅថ្ងៃទី ០៧ ខែមេសា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) បានប្រកាសបទឈប់បាញ់រយៈពេលពីរសប្តាហ៍ជាមួយអ៊ីរ៉ង់។ នៅថ្ងៃទី១១ ខែមេសា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានធ្វើកិច្ចចរចាជាច្រើនជុំនៅទីក្រុងអ៊ីស្លាម៉ាបាដ ប៉ុន្តែភាគីទាំងពីរក្រោយមកបានរាយការណ៍ថា ពួកគេមិនអាចឈានដល់កិច្ចព្រមព្រៀងស្តីពីការដោះស្រាយជម្លោះរយៈពេលវែងបានទេ ដោយសារតែមិនបានឯកភាពគ្នាលើចំណុចមួយចំនួន៕
