យោងតាមការផ្សាយរបស់វិទ្យុ Okapi បានឲ្យដឹងថា អ្នកស្រុកក្នុងទីក្រុងនៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលស្ថិតនៅចំកណ្តាលនៃការផ្ទុះឡើងនូវជំងឺអេបូឡា បានដុតតង់ព្យាបាល កាលពីថ្ងៃសុក្រចុងសប្ដាហឬកន្លងមក ដោយនាំឲ្យអ្នកត្រូវបានសង្ស័យមានជំងឺ Ebola ចំនួន ១៣នាក់បាត់ខ្លួន។
យោងតាមការផ្សាយនោះ បានឲ្យដឹងទៀតថា អំឡុងការវាយប្រហារបែបនេះជាលើកទី២ ក្នុងរយៈពេលមួយសប្តាហ៍ ក្រុមយុវជនដែលពេញដោយកំហឹង បានសម្រុកទៅកាន់តង់ព្យាបាលជំងឺដែលសាងសង់ឡើងដោយមានការគាំទ្រពីអង្គការគ្រូពេទ្យគ្មានព្រំដែន (MSF) នៅមន្ទីរពេទ្យបង្អែកទូទៅ Mongwalu។
លោក Richard Lokudi ប្រធានពេទ្យនៃមន្ទីរពេទ្យ Mongwalu បានប្រាប់វិទ្យុ Okapi ថា មណ្ឌលនេះផ្ទុកមនុស្ស ២៨នាក់ដែលសង្ស័យឆ្លងជំងឺ Ebola ហើយយ៉ាងហោចណាស់ ១៣នាក់បានរត់គេចខ្លួន និងនៅតែរកមិនទាន់ឃើញ។
លោកបានបន្ថែមថា នគរបាលបានបើកការស៊ើបអង្កេតកាលពីព្រឹកថ្ងៃសៅរ៍ ដើម្បីកំណត់អត្តសញ្ញាណជនល្មើស និងកំណត់ទីតាំងអ្នកជំងឺដែលបាត់ខ្លួន ដែលត្រូវបានគេជឿថា កំពុងលាក់ខ្លួនក្នុងចំណោមប្រជាជន។
គួរបញ្ជាក់ថា ហេតុការណ៍នេះគឺជាការវាយប្រហារលើកទី២ លើហេដ្ឋារចនាសម្ព័ន្ធព្យាបាលជំងឺ Ebola នៅក្នុងតំបន់ ក្នុងរយៈពេល ១សប្តាហ៍ ដែលបង្ហាញពីភាពតានតឹងកាន់តែខ្លាំងឡើង រវាងបុគ្គលិកសុខាភិបាល និងសហគមន៍ក្នុងតំបន់ ក្នុងអំឡុងពេលមានការផ្ទុះឡើងនូវជំងឺនេះ៕



