ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយនៅថ្ងៃចន្ទ (ទី២៥ ខែឧសភា ឆ្នាំ២០២៦) នេះថា កតិកាសញ្ញាណាមួយដែលអាចកើតមានជាមួយអ៊ីរ៉ង់ នឹងត្រូវតែ «អស្ចារ្យ និងមានអត្ថន័យ» ដោយព្រមានថា បើមិនដូច្នោះទេ នឹងមិនមានកិច្ចព្រមព្រៀងតែម្ដង។
លោក Trump បានសរសេរនៅលើបណ្ដាញសង្គម Truth Social របស់លោកថា៖ «កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ នឹងក្លាយជាកិច្ចព្រមព្រៀងដ៏អស្ចារ្យ និងមានអត្ថន័យ ឬបើមិនដូច្នោះទេ នឹងមិនមានកិច្ចព្រមព្រៀង»។
លោក Trump ក៏បានលើកឡើងផងដែរថា កិច្ចព្រមព្រៀងណាមួយដែលអាចធ្វើទៅបាន នឹង «ផ្ទុយស្រឡះ» ពីផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) ដែលបានបង្កើតឡើង អំឡុងរដ្ឋបាលរបស់អតីតប្រធានាធិបតី លោក Barack Obama។
ដោយរិះគន់ផែនការឆ្នាំ២០១៥ នោះ លោក Trump បានពិពណ៌នាអំពីកិច្ចព្រមព្រៀងនេះថា ជា «ផ្លូវផ្ទាល់ និងបើកចំហ ដើម្បីឲ្យអ៊ីរ៉ង់ឆ្ពោះទៅផលិតអាវុធនុយក្លេអ៊ែរ»។ លោកបានសង្កត់ធ្ងន់ថា «ទេ ខ្ញុំមិនធ្វើកិច្ចព្រមព្រៀងបែបនោះទេ!»។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក លោក Trump បានប្រាប់ឲ្យដឹងថា កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដើម្បីបញ្ចប់ជម្លោះនេះ ត្រូវបាន «ចរចាដោយភាគច្រើន» ហើយកំពុងរង់ចាំការបញ្ចប់៕