ការប្រកាសដែលត្រូវបានរំពឹងទុក អំពីកិច្ចព្រមព្រៀងដែលអាចកើតមាន រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវបានពន្យារពេលដោយសារតែការលំបាកក្នុងការទាក់ទងជាមួយមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei ដែលត្រូវបានគេជឿថា កំពុងរស់នៅក្រោមការរឹតបន្តឹងសន្តិសុខយ៉ាងតឹងរ៉ឹង ក្នុងលេណដ្ឋានសម្ងាត់មួយ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ CBS បានឲ្យដឹងថា មន្ត្រីអាមេរិកដែលស្និទ្ធនឹងចារកម្ម និយាយថា លោក Khamenei «លាក់ខ្លួនយ៉ាងមានប្រសិទ្ធភាព» នៅក្នុងទីតាំងដែលមិនត្រូវបានបង្ហាញឲ្យដឹង ដោយមានការទាក់ទងតិចតួចមកកាន់ពិភពខាងក្រៅ។ ពួកគេនិយាយថា រូបលោកអាចត្រូវបានទាក់ទងតាមរយៈតែបណ្តាញអន្តរការី និងអ្នកនាំសារដ៏ស្មុគស្មាញប៉ុណ្ណោះ ដែលធ្វើឲ្យអ៊ីរ៉ង់ឆ្លើយតបយឺត ចំពោះសំណើរបស់សហរដ្ឋអាមេរិក ។
បណ្តាញនេះក៏បានរាយការណ៍ផងដែរថា មន្ត្រីអ៊ីរ៉ង់ដែលពាក់ព័ន្ធនឹងការចរចាជាមួយរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump កំពុងជួបការលំបាក ក្នុងការមានទំនាក់ទំនង នៅក្នុងប្រព័ន្ធរដ្ឋាភិបាលរបស់ពួកគេ ដែលបានធ្វើឲ្យយឺតដល់វឌ្ឍនភាពនៃការចរចា។
មន្ត្រីរដ្ឋបាលជាន់ខ្ពស់អាមេរិកម្នាក់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ CBS ថា លោក Khamenei បានយល់ព្រមលើគ្រោងដ៏ទូលំទូលាយនៃសេចក្តីព្រាងកិច្ចព្រមព្រៀងបច្ចុប្បន្ន ខណៈពេលដែលប្រធានាធិបតី លោក Trump បានលើកឡើងនៅក្នុងការបង្ហោះលើបណ្ដាញសង្គម Truth Social ថា លោករំពឹងថា នឹងមានការសម្រេចចិត្តចុងក្រោយនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
គួរបញ្ជាក់ថា លោក Mojtaba Khamenei បានរងរបួសក្នុងអំឡុងពេលវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ជាពេលដែលឪពុករបស់លោក គឺមេដឹកនាំកំពូល លោក Ali Khamenei ត្រូវបានសម្លាប់។ របាយការណ៍នេះបានឲ្យដឹងថា លោក Mojtaba Khamenei មិនត្រូវបានគេឃើញ ឬឮជាសាធារណៈ ចាប់តាំងពីមុនពេលសង្គ្រាមចាប់ផ្តើម៕