
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា បើគ្មានសុខសន្តិភាពទេ គឺគ្មានសេចក្តីសប្បាយរីករាយនោះឡើយ ដូច្នេះហើយបងប្អូនប្រជាពលរដ្ឋគ្រប់រូបគប្បីបន្តរក្សានូវសុខសន្តិភាពនេះឲ្យបានកុំពេលមានសង្រ្គាមទើបស្រែករកនៅសុខសន្តិភាពនោះ។
ថ្លែងក្នុងពិធីអញ្ជើញសម្ពោធគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សន្តិភាពគឺជាការផ្តើម នៃភាពសុខសាន្ត និងការអភិវឌ្ឍរីកចំរើននៅប្រទេសកម្ពុជា ហើយបើគ្មានសុខសន្តិភាពទេ សូមកុំសង្ឈឹមថាមានសេចក្តីសុខ និងភាពសប្បាយរីករាយដូចសព្វថ្ងៃនេះឲ្យសោះ ជាក់ស្តែង កាលពីចូលឆ្នាំថ្មីប្រពៃណីខ្មែរកន្លងទៅនេះបងប្អូនប្រជាពលរដ្ឋ បានដើរលេងកម្សាន្តគ្រប់ទីកន្លែងទាំងអស់ប្រកបដោយសេចក្តីសប្បាយរីករាយ។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានលើកឡើងអំពីភាពរីកចំរើនកាន់តែច្រើននៅក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្នផងដែរ ខណៈកាលពីជាង៤០មុន ទីក្រុងបេះដូងខ្មែរមួយនេះគ្មានមនុស្សនៅ ហើយក៏មានសំរាមច្រើនដូចសព្វថ្ងៃនេះផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន នៅតែបន្តអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់បន្តរក្សា ការពារនូវសុខសន្តិភាពនេះឲ្យបាន ខណៈប្រទេសដែលកំពុងកើតសង្រ្គាមដូចជាប្រទេសអ៊ុយក្រែនកំពុងស្រែករកសុខសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងការរីករាយផងដែរ ដោយសម្តេចលើកឡើងពីកត្តា៦ ដែលនាំឲ្យពលរដ្ឋសប្បាយរីករាយខ្លាំងពេលចូលឆ្នាំកន្លងមក ដោយក្នុងនោះរួមមាន សុខសន្តិភាព, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, មធ្យោបាយធ្វើដំណើរកាន់តែច្រើន, ប្រាក់ចំណូល, ការកើតឡើងនូវតំបន់ទេសចរណ៍ថ្មី និងភាពស៊ាំសហគមន៍ ដោយសារតែការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩របស់បងប្អូនប្រជាពលរដ្ឋ៕ អត្ថបទ៖ បាន ចក់