ខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា បានប្ដេជ្ញាបន្ដខំប្រឹងហាត់ និងអភិវឌ្ឍខ្លួនឲ្យបានកាន់តែខ្លាំង ដើម្បីត្រៀមជួយក្រុមរដូវកាលថ្មី ឆ្នាំ២០២៦/២៧ ខាងមុខ ដែលនឹងមានការប្រកួតប្រជែងកាន់តែអស្ចារ្យបន្ថែមទៀត។
ភ្លាមៗក្រោយរួមចំណែកជួយក្រុមលើកពានសម្ដេចតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ សៀង ចន្ធា ទទួលស្គាល់ការចូលរួមរដូវកាលដំបូង ជាមួយព្រះខ័នរាជស្វាយរៀង ពិតជាមានការលំបាកខ្លះ តែមិនជាបញ្ហា រូបគេនឹងបន្ដខំប្រឹង ដើម្បីមានឱកាសលេងកាន់តែច្រើនរដូវកាលថ្មី ពិសេសត្រៀមការប្រកួតធំៗជាច្រើនតែម្ដង។
គួរដឹងថា សៀង ចន្ធា បានចូលរួមជាមួយព្រះខ័នរាជស្វាយរៀង នៅដើមឆ្នាំ២០២៥ ខណៈរដូវកាលដំបូង របស់កីឡាករមានដើមកំណើតពីខេត្តកោះកុងនេះ ទោះមិនសូវបានបង្ហាញខ្លួនញឹកញាប់ តែរូបគេក៏ជាផ្នែកមួយ ជួយឲ្យក្រុមទទួលបានជើងឯក ៣ រួមមានពាន Cambodian Super Cup, លីគកំពូលកម្ពុជា និងពានសម្ដេចតេជោ ហ៊ុន សែន ព្រមទាំងស្ទើរតែមានឱកាសលើកពាន AFC Challenge League ទៀតផង៕ អត្ថបទ លី ឈុនឡា






