ការរីករាលដាលនៃវីរុសដ៏គួរឱ្យព្រួយបារម្ភបំផុតមួយក្នុងចំណោមវីរុសជាច្រើនរបស់ពិភពលោកបានធ្វើឱ្យក្រុមអ្នកឆ្លើយតប ប្រឹងប្រែងទប់ស្កាត់អស់ពីលទ្ធភាព នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និង អ៊ូហ្គង់ដា។

ប្រមុខអង្គការសុខភាពពិភពលោកបានលើកឡើងពីការព្រួយបារម្ភអំពីល្បឿននៃការផ្ទុះឡើងនៃជំងឺអេបូឡាបច្ចុប្បន្ននៅអាហ្វ្រិកកណ្តាល ដែលរហូតមកដល់ពេលនេះបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ២២០ នាក់។

ប្រមុខអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus កាលពីថ្ងៃចន្ទ២៥ ឧសភា ដើមសប្ដាហ៍នេះ ប្រាប់កិច្ចប្រជុំតាមអ៊ីនធឺណិតរបស់សហភាពអាហ្វ្រិកថា «ពួកលោកកំពុងពង្រីកប្រតិបត្តិការជាបន្ទាន់ ប៉ុន្តែនៅពេលនេះជំងឺរាតត្បាតនេះកំពុងមានល្បឿនលឿនជាងពួកលោកគិតទៅទៀត» ខណៈចំនួនករណីឆ្លងដែលបានសង្ស័យ បានកើនឡើងដល់ជាង ៩០០ នាក់នៅកុងហ្គោ។
នៅថ្ងៃអង្គារនេះ លោក Tedros នឹងធ្វើដំណើរទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ដែលខេត្ត Ituri ជាចំណុចកណ្តាលនៃការផ្ទុះឡើងជំងឺនេះ។
ក្រុមអ្នកជំនាញសុខភាពនិយាយថាការកាត់បន្ថយជំនួយអន្តរជាតិកាលពីឆ្នាំមុនដោយសហរដ្ឋអាមេរិក និងប្រទេសអ្នកមានផ្សេងទៀត កំពុងបំផ្លិចបំផ្លាញតំបន់ភាគខាងកើតរបស់ប្រទេសកុងហ្គោ ដោយសារតែអំពើហិង្សា និងបញ្ហាធំៗជាច្រើនទៀត នៅក្នុងប្រទេសនេះ៕

