ក្រុមអ្នកតវ៉ារាប់រយនាក់ បានចេញធ្វើបាតុកម្មនៅភាគខាងកើតរដ្ឋ Manipur ប្រទេសឥណ្ឌា កាលពីថ្ងៃចន្ទ ទី២៥ ខែឧសភា ដោយទាមទារឱ្យមានការដោះលែងជនស៊ីវិលចំនួនប្រាំមួយនាក់ ដែលត្រូវបានក្រុមកុលសម្ព័ន្ធ Kuki គ្រឹស្តសាសនា ចាប់ជាចំណាប់ខ្មាំង។

ភាពតានតឹងថ្មីៗនេះ បានកើតឡើងនៅក្នុងរដ្ឋ Manipur ដែលរងគ្រោះដោយអំពើហិង្សា បន្ទាប់ពីជនស៊ីវិល៦នាក់ត្រូវបានចាប់ពង្រត់កាលពីថ្ងៃពុធ ទី១៣ ខែឧសភា នៅក្នុងស្រុក Kangpokpi។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា ក្នុងចំណោមមនុស្ស២០នាក់ ដែលដំបូងឡើយត្រូវបានចាប់ជាចំណាប់ខ្មាំងដោយក្រុមប្រដាប់អាវុធ ១៤នាក់ក្រោយមកត្រូវបានដោះលែងវិញ។

ក្រុមអ្នកតវ៉ាមកពីសហគមន៍ណាហ្គាដែលមានកាន់បដានិងលើកពាក្យស្លោក បានអំពាវនាវឱ្យមានអន្តរាគមន៍ជាបន្ទាន់ពីរដ្ឋាភិបាល ដើម្បីធានាបានការវិលត្រឡប់មកវិញដោយសុវត្ថិភាពនៃអ្នកដែលបាត់ខ្លួន។
ការប៉ះទង្គិចគ្នាបានផ្ទុះឡើងជាលើកដំបូងនៅក្នុងខែឧសភា ឆ្នាំ២០២៣ រវាងសហគមន៍ Meitei ភាគច្រើនជាពលរដ្ឋកាន់សាសនហិណ្ឌូ និងក្រុមកុលសម្ព័ន្ធ Kuki ភាគច្រើនកាន់សាសនាគ្រឹស្ត ជុំវិញអត្ថប្រយោជន៍សេដ្ឋកិច្ច និងកូតាការងារ។ ជាសរុប មនុស្សប្រហែល២៦០នាក់ត្រូវបានសម្លាប់ និងជាង៦០.០០០នាក់ត្រូវបានជម្លៀសខ្លួនចេញ។