បាល់ទាត់៖ កីឡដ្ឋានបាល់ទាត់ខេត្តកំពង់ស្ពឺបានទទួលការឧបត្ថម្ភអំពូលសូឡាចំនួន ២០០ដើមពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia តាមរយៈយុទ្ធនាការ “ធានារ៉ាប់រងខ្ញុំ បំភ្លឺសហគមន៍យើង” ស្របពេលកីឡដ្ឋានស្ដង់ដារអន្ដរជាតិនេះបានសម្រេចការសាងសង់ជាង ៨០% ហើយ។

ពិធីប្រគល់-ទទួលអំពូលសូឡានេះបានធ្វើឡើងកាលពីថ្ងៃទី១៩ ខែមេសា ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ដ្រមណ្ឌលខេត្តកំពង់ស្ពឺ និងឯកឧត្តម វី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ រួមទាំងថ្នាក់ដឹកនាំតំណាងក្រុមហ៊ុនឧបត្ថម្ភផងដែរ។ លោក ចាន់ រដ្ឋ អគ្គនាយកក្រុមហ៊ុន FWD Cambodia បានសម្ដែងក្ដីរីករាយជាខ្លាំង ក្រោយបានរួមចំណែកឧបត្ថម្ភអំពូលសូឡាដល់កីឡដ្ឋានខេត្តកំពង់ស្ពឺ ដែលទទួលបានថវិកាពីប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ដោយការយកបច្ចេកវិទ្យាឌីជីថលជាគោល ហើយបានកាត់បន្ថយការប្រើប្រាស់ក្រដាសជាច្រើនដើម្បីសន្សំសំចៃថវិកាយកមកប្រើប្រាស់ជាប្រយោជន៍ដល់អតិថិជន និងក្នុងសហគមន៍។ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ដ្រមណ្ឌលខេត្តកំពង់ស្ពឺបានថ្លែងអំណរគុណចំពោះក្រុមហ៊ុន FWD Cambodia ដែលបាននាំយកអំពូលសូឡាប្រគល់ជូនដល់កីឡដ្ឋានខេត្តកំពង់ស្ពឺ ដែលជាស្មារតីយកចិត្តទុកដាក់មួយក្នុងការជួយដល់សហគមន៍កម្ពុជា។ ឯកឧត្តមបានចាត់ទុកការឧបត្ថម្ភនេះ នឹងជួយសម្រួលដល់សកម្មភាពកីឡាក្នុងកីឡដ្ឋាន ក៏ដូចជាផ្ដល់នូវទិដ្ឋភាពស្រស់បំព្រងនៃទីធ្លាកីឡដ្ឋាននាពេលរាត្រីផងដែរ។
ឯកឧត្តមបានសម្ដែងការកោតសរសើរ និងអំពាវនាវឲ្យមានការចូលរួមបន្ថែមទៀតពីសំណាក់បណ្ដាក្រុមហ៊ុន និងស្ថាប័ននានា។ មួយវិញទៀត ឯកឧត្តមបានសម្ដែងការពេញចិត្តនូវជំហររបស់ក្រុមហ៊ុន ក្នុងការយកបច្ចេកវិទ្យាឌីជីថលជាគោល ដែលអនុញ្ញាតឲ្យក្រុមហ៊ុនសន្សំសំចៃថវិកាពីការប្រើប្រាស់ក្រដាស ដើម្បីគាំទ្រសកម្មភាពមនុស្សធម៌នៅកម្ពុជា ដែលជំហរនេះដើរស្របគ្នាល្អបំផុតទៅនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាលក្នុងឧស្សាហកម្ម ៤.០។ គួរដឹងថា កីឡដ្ឋានខេត្តកំពង់ស្ពឺបានរៀបចំពិធីក្រុងពាលីបើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ហើយគ្រោងនឹងសាងសង់រួចរាល់ជាស្ថាពរក្នុងពេលឆាប់ៗខាងមុខ ដើម្បីត្រៀមស្វាគមន៍ការប្រកួតផ្សេងៗ ក៏ដូចជាការអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋចូលលេងកម្សាន្ដ និងហាត់ប្រាណផងដែរ។
សមិទ្ធផលថ្មីលើទឹកដីខេត្តកំពង់ស្ពឺនេះ សាងសង់ឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម ហ៊ុន ម៉ានី ដោយគ្រោងចំណាយថវិកាប្រមាណ ៣លានដុល្លារ។ កីឡដ្ឋានដែលត្រៀមប្រើស្មៅសិប្បនិម្មិតនេះត្រូវបែងចែកការសាងសង់ជា ២ដំណាក់កាល ដោយដំណាក់កាលទី១ គឺជាការសាងសង់ក្លោងទ្វារធំចំនួន ២ របងជុំវិញ សួនកុមារ និងទីលានរត់ កន្លែងអង្គុយ ៣,០០០កៅអី ទីលានប្រកួតបាល់ទាត់ដែលបំពាក់ដោយភ្លើងបំភ្លឺប្រកួតពេលយប់បាន រួមជាមួយការរៀបចំបរិវេណជុំវិញ និងដំណាក់កាលទី២ ជាការសាងសង់កន្លែងអ្នកទស្សនាកើនដល់ ៦,០០០នាក់៕
អត្ថបទ៖ លី ឈុនឡា