រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានជំរុញឲ្យសហរដ្ឋអាមេរិកជម្លៀសអ្នកការទូតចេញពីស្ថានទូតរបស់ខ្លួន នៅទីក្រុងគីវ ក្នុងអំឡុងពេលមានការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃចន្ទ (ទី២៥ ខែឧសភា ឆ្នាំ២០២៦។ នេះបើយោងតាមក្រសួងការបរទេសរុស្ស៊ី។

ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «នៅថ្ងៃទី២៥ ខែឧសភា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio»។
តាមរយៈសេចក្ដីថ្លែងការណ៍នោះ ក្រសួងបានបន្ថែមថា៖ «លោក Sergey Lavrov បានទាញឲ្យមានការចាប់អារម្មណ៍ទៅលើសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ី ចាប់ពីថ្ងៃទី២៥ ខែឧសភា ដែលបានណែនាំថា សហរដ្ឋអាមេរិក រួមជាមួយរដ្ឋដទៃទៀតដែលមានបេសកកម្មនៅទីក្រុងគីវ ត្រូវធានាឲ្យមានការជម្លៀសបុគ្គលិកការទូត និងពលរដ្ឋផ្សេងទៀតចេញពីរដ្ឋធានីរបស់អ៊ុយក្រែនមួយនេះ»។
រុស្ស៊ីបានបញ្ជាក់កាលពីថ្ងៃចន្ទថា ខ្លួនមានគម្រោងបើកការវាយប្រហារបន្ថែមទៀតលើទីក្រុងគីវ រួមទាំងលើ «មជ្ឈមណ្ឌលធ្វើការសម្រេចចិត្ត» របស់ទីក្រុងនេះ ហើយបានអំពាវនាវជាថ្មីម្តងទៀតឲ្យពលរដ្ឋ និងអ្នកការទូតបរទេសចាកចេញ។
អ៊ុយក្រែនបានពិពណ៌នា អំពីការគំរាមកំហែងរបស់រុស្ស៊ីថា គ្រាន់តែជា «វោហាសាស្ត្រ»។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បាននិយាយថា «ឥឡូវនេះយើងកំពុងប្រាប់ដៃគូរបស់យើងថា ពួកគេមិនគួរចុះចាញ់នឹងការគំរាមកំហែងទាំងអស់នេះរបស់រុស្ស៊ីទេ»៕

