ភ្នំពេញ៖ តាមកម្មវិធីដែលគ្រោងទុកនៅថ្ងៃទី២២ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលបញ្ហាទឹកនៅប្រទេសជប៉ុនដែលនៅក្នុងឱកាសនោះសម្ដេចនឹងអញ្ជើញចុះហត្ថលេខាលើឯកសារ១ ហើយសម្ដេចនឹងអញ្ជើញនិវត្តន៍មកកម្ពុជាវិញនៅថ្ងៃទី២៤ ខែមេសា។
ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV News

ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ នៅមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នាព្រឹកថ្ងៃទី២០ ខែមេសា សម្ដេចតេជោបានមានប្រសាសន៍ថា សម្តេចនឹងអញ្ជើញចេញទៅប្រទេសជប៉ុន នៅថ្ងៃទី២២ខែមេសានេះ ហើយនឹងមានចុះហត្ថលេខាលើឯកសារ១នៅថ្ងៃទី២៣ហើយនៅថ្ងៃទី២៤ខែមេសា សម្តេចនឹងនិវត្តវិញដោយមានកិច្ចការជាច្រើនទៀតដែលត្រូវបំពេញ ហើយបន្ទាប់ពីនោះនៅខែឧសភានាថ្ងៃទី១០សម្តេចនឹងអញ្ជើញចាកចេញទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន អាមេរិក ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២ ដែលកម្មវិធីគឺបានកំណត់ច្បាស់លាស់ហើយ។
សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលក៏បានបង្ហាញអំពីកម្មវិធីអញ្ជើញទៅក្រៅប្រទេសផ្សេងទៀតពោលគឺនៅថ្ងៃទី ២១ខែឧសភាដែលជាថ្ងៃចាប់ផ្ដើមយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ សម្តេចនឹងអញ្ជើញចាកចេញទៅជាទីក្រុងដាវ៉ូស ប្រទេសស្វីស ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងឋានៈជាប្រធានអាស៊ានផងដែរ៕ អត្ថបទ មុត សុទ្ធ