យោធាកូរ៉េខាងត្បូងបានប្រាប់ឲ្យដឹងថា នាថ្ងៃអង្គារ (ទី២៦ ខែឧសភា ឆ្នាំ២០២៦) នេះ ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលជាច្រើនគ្រាប់ ក្នុងនោះរួមទាំងមីស៊ីលបាលីស្ទិករយៈចម្ងាយខ្លីយ៉ាងហោចណាស់ ១គ្រាប់ ឆ្ពោះទៅកាន់ដែនទឹក ម្ដុំឆ្នេរសមុទ្រភាគខាងលិចនៃប្រទេសនេះ។
នាយសេនាធិការចម្រុះ (JCS) របស់កូរ៉េខាងត្បូង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មីស៊ីលទាំងនោះត្រូវបានបាញ់បង្ហោះនៅម៉ោងប្រហែល ១រសៀល ម៉ោងក្នុងស្រុក ចេញពីតំបន់ក្បែរទីក្រុង Chongju ក្នុងខេត្ត Pyongan ខាងជើងរបស់កូរ៉េខាងជើង។ JCS បានបន្ថែមថា មីស៊ីលនេះហោះបានចម្ងាយប្រហែល ៨០គីឡូម៉ែត្រ។
នេះគឺជាការបាញ់មីស៊ីលដែលគេដឹងជាលើកដំបូងរបស់កូរ៉េខាងជើង ចាប់តាំងពីថ្ងៃទី១៩ ខែមេសា នៅពេលដែលប្រទេសនេះបានសាកល្បងបាញ់មីស៊ីលបាលីស្ទិករយៈចម្ងាយខ្លីជាច្រើនគ្រាប់ ដែលខ្លួនបានបញ្ជាក់ថា ត្រូវបានបំពាក់ដោយគ្រាប់បែកចង្កោម។

គួរបញ្ជាក់ថា កាលដើមខែមេសា ទីក្រុងព្យុងយ៉ាងក៏បានឲ្យដឹងផងដែរថា ខ្លួនបានសាកល្បងក្បាលគ្រាប់គ្រាប់បែកចង្កោមថ្មី នៅលើមីស៊ីលបាលីស្ទិក និងអាវុធអេឡិចត្រូម៉ាញ៉េទិច ជាការសាកល្បងមួយដែលអ្នកវិភាគបានលើកឡើងថា ជាផ្នែកមួយនៃកិច្ចប្រឹងប្រែង ដើម្បីបង្ហាញពីសមត្ថភាពរបស់កូរ៉េខាងជើង ក្នុងការប្រយុទ្ធប្រឆាំងនឹងសង្គ្រាមសម័យទំនើប។
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយកាលពីខែមីនាថា ឋានៈរបស់ប្រទេសលោក ក្នុងនាមជារដ្ឋដែលមានអាវុធនុយក្លេអ៊ែរ គឺមិនកែប្រែបានឡើយ ហើយថា ការពង្រីក «ខែលរារាំងនុយក្លេអ៊ែរការពារខ្លួន» គឺមានសារៈសំខាន់ ចំពោះសន្តិសុខជាតិ៕
