រដ្ឋមន្ត្រីការបរទេសនៃប្រទេសអូស្ត្រាលី ឥណ្ឌា ជប៉ុន និងសហរដ្ឋអាមេរិក ដែលត្រូវបានគេស្គាល់ផងដែរថា ជាក្រុមប្រទេសប្លុក Quad កំពុងជួបប្រជុំគ្នានៅទីក្រុងញូវដេលីរបស់ប្រទេសឥណ្ឌា នាថ្ងៃអង្គារ (ទី២៦ ខែឧសភា ឆ្នាំ២០២៦)នេះ ដើម្បីពិភាក្សា អំពីរបៀបពង្រឹងកិច្ចសហប្រតិបត្តិការរបស់ពួកគេ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងកង្វល់រួម ពាក់ព័ន្ធនឹងការមានឥទ្ធិពលកាន់តែខ្លាំងឡើងៗរបស់ចិន នៅក្នុងតំបន់នេះ។
កិច្ចប្រជុំនេះ នាំឲ្យមានការអង្គុយជុំគ្នានៃរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសចំនួន ៤ គឺលោក Subrahmanyam Jaishankar របស់ឥណ្ឌា លោក Marco Rubio របស់សហរដ្ឋអាមេរិក លោក Toshimitsu Motegi របស់ជប៉ុន និងលោកស្រី Penny Wong របស់អូស្ត្រាលី។ ក្រសួងការបរទេសឥណ្ឌាបានឲ្យដឹងថា រដ្ឋមន្ត្រីទាំងនោះ នឹងពិភាក្សាអំពីការវិវត្តថ្មីៗ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងវិធី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ក្នុងចំណោមប្រទេសរបស់ពួកគេ។

អ្នកការទូតជាន់ខ្ពស់ទាំងនោះក៏ត្រូវបានគេរំពឹងថា នឹងពិភាក្សា អំពីសង្គ្រាមអ៊ីរ៉ង់ និងបញ្ឈប់ការដឹកជញ្ជូនថាមពលឆ្លងកាត់ច្រកសមុទ្រ Hormuz។ ប្រទេសទាំង ៤ នេះ បង្កើតបានជាក្រុម Quad ដែលជាភាពជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការ ស្ដីពីសន្តិសុខដែនសមុទ្រ ខ្សែច្រវាក់ផ្គត់ផ្គង់ និងយុទ្ធសាស្ត្រតំបន់ ខណៈដែលប្រទេសចិនពង្រីកឥទ្ធិពលយោធា និងសេដ្ឋកិច្ចរបស់ខ្លួន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
ក្រុម Quad បានចោទប្រកាន់ចិនម្តងហើយម្តងទៀតថា បានសម្ញែងសាច់ដុំយោធារបស់ខ្លួន នៅក្នុងសមុទ្រចិនខាងត្បូង និងជំរុញការទាមទារទឹកដីដែនសមុទ្ររបស់ខ្លួនយ៉ាងខ្លាំងក្លា។ ទីក្រុងប៉េកាំងអះអាងថា យោធារបស់ខ្លួន គឺគ្រាន់តែការពារខ្លួន ដើម្បីការពារនូវអ្វីដែលខ្លួនបញ្ជាក់ថា ជាសិទ្ធិអធិបតេយ្យរបស់ចិន ហើយចាត់ទុកក្រុម Quad ថា ជាការប៉ុនប៉ងទប់ស្កាត់កំណើនសេដ្ឋកិច្ច និងឥទ្ធិពលរបស់ខ្លួន៕
