មេបញ្ជាការជាន់ខ្ពស់នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម(IRGC) បាននិយាយកាលពីថ្ងៃចន្ទថា សន្តិសុខនៅឈូងសមុទ្រពែក្សគឺជាបន្ទាត់ក្រហមសម្រាប់ប្រទេសអ៊ីរ៉ង់។ សត្រូវរបស់អ៊ីរ៉ង់ត្រូវតែយល់ថា សន្តិសុខនៅឈូងសមុទ្រពែក្សគឺជាបន្ទាត់ក្រហមរបស់អ៊ីរ៉ង់ ហើយតំបន់នេះពុំមែនជាទីលានសម្រាប់ការសាកល្បងដោយអ្នកឈ្លានពានណាមួយឡើយ នេះបើតាមលោក Mohammad Hadi Sefidchian មេបញ្ជាការនៃទីបញ្ជាការកណ្តាលកងឆ្មាំបដិវត្តន៍អ៊ីស្លាម(IRGC) នៅមូលដ្ឋាន Medina ជាមូលដ្ឋាននៅជិតបំផុតទៅនឹងច្រកសមុទ្រ Hormuz។
លោក Sefichian និយាយថា អ៊ីរ៉ង់នៅតែឃ្លាំមើលយ៉ាងទូលំទូលាយលើសកម្មភាពរបស់សត្រូវ និងមានសមត្ថភាពឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងរារាំងនៅគ្រប់កម្រិត។ លោកបានសង្កត់ធ្ងន់ថា សន្តិសុខ និងកម្លាំងរបស់អ៊ីរ៉ង់ គឺមិនអាចចរចាបាន និងមិនអាចបំបែកបានទេ។

កាលពីថ្ងៃអាទិត្យ លោក Mohsen Rezaee ទីប្រឹក្សាយោធារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ បានព្រមានថា ប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្តបើកការវាយប្រហារដោយយោធាជុំថ្មី នោះអ៊ីរ៉ង់នឹងបោះបង់ចោលឥរិយាបថអត់ធ្មត់និងពន្យាពេលដែលធ្លាប់មានកាលពីពេលមុនរបស់ខ្លួន។ លោកនិយាយថា ការសងសឹករបស់អ៊ីរ៉ង់ នឹងមិនត្រូវបានកំណត់នៅត្រឹមច្រកសមុទ្រHormuz និងឈូងសមុទ្រទេ ប៉ុន្តែនឹងពង្រីកបន្ថែមដល់សមុទ្រក្រហម ច្រកសមុទ្រ Bab al-Mandeb និងសូម្បីតែនៅមហាសមុទ្រឥណ្ឌា។ លោក Rezaee និយាយថា ប្រវត្តិសាស្ត្របានបង្ហាញថា ការគ្រប់គ្រងនៅច្រកសមុទ្រ Hormuz គឺជាសិទ្ធិស្របច្បាប់ និងសំខាន់សម្រាប់អ៊ីរ៉ង់ក្នុងការការពារសន្តិសុខជាតិរបស់ខ្លួន។ ការគ្រប់គ្រងផ្លូវទឹករបស់អ៊ីរ៉ង់ពុំមានបំណងរារាំងពាណិជ្ជកម្មសេរីទេ ប៉ុន្តែដើម្បីទប់ស្កាត់អសន្តិសុខ និងការឈ្លានពានខាងយោធា។
