មនុស្សម្នាក់ដែលដឹងអំពីបញ្ហានេះ បាននិយាយថា មន្ត្រីឥណ្ឌាដែលកំពុងស៊ើបអង្កេតការធ្លាក់យន្តហោះរបស់ក្រុមហ៊ុន Air India ដ៏សាហាវកាលពីឆ្នាំមុន កំពុងរៀបចំរបាយការណ៍បណ្ដោះអាសន្នមួយ ជាជាងរបាយការណ៍ចុងក្រោយមុនខួបនៃគ្រោះថ្នាក់យន្តហោះ Boeing 787 ដែលបានបណ្តាលឲ្យមនុស្ស ២៦០នាក់ស្លាប់។
ប្រភពនោះ បាននិយាយថា របាយការណ៍បណ្ដោះអាសន្នពីការិយាល័យស៊ើបអង្កេតគ្រោះថ្នាក់យន្តហោះរបស់ឥណ្ឌា (AAIB) នឹងមានលក្ខណៈទូលំទូលាយជាងរបាយការណ៍បឋមដែលបានចេញផ្សាយកាលពីខែកក្កដា ឆ្នាំមុន ហើយនឹងពិនិត្យមើលមូលហេតុចម្បងដែលអាចកើតមាន និងកត្តារួមចំណែកផ្សេង ទៀត។
របាយការណ៍បឋមចំនួន ១៥ទំព័រស្តីពីគ្រោះមហន្តរាយដែលបណ្តាលឲ្យមនុស្សស្លាប់ច្រើនរបស់ឧស្សាហកម្មអាកាសចរណ៍ ក្នុងរយៈពេលមួយទសវត្សរ៍ បានបង្ហាញថា កុងតាក់ប្រេងឥន្ធនៈរបស់យន្តហោះនេះ បានប្តូរស្ទើរតែក្នុងពេលដំណាលគ្នា និងបានធ្វើឲ្យម៉ាស៊ីនអស់ប្រេងឥន្ធនៈភ្លាមៗ បន្ទាប់ពីការហោះហើរពីទីក្រុង Ahmedabad ទៅកាន់ទីក្រុងឡុងដ៍ បានចេញដំណើរ នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៥។
យោងតាមការវាយតម្លៃដំបូងរបស់មន្ត្រីអាមេរិកដែលបានរាយការណ៍ដោយសារព័ត៌មានរ៉យទ័រ កាលពីឆ្នាំមុន ការថតសំឡេងក្នុងកាប៊ីនយន្តហោះនៃការសន្ទនារវាងអ្នកបើកយន្តហោះទាំងពីរ បានគាំទ្រទស្សនៈដែលថា កាពីតែនបានកាត់បន្ថយលំហូរប្រេងឥន្ធនៈទៅកាន់ម៉ាស៊ីនយន្តហោះ ។ AAIB បាននិយាយនៅពេលនោះថា វា «ឆាប់ពេកក្នុងការឈានដល់ការសន្និដ្ឋានច្បាស់លាស់ណាមួយនោះ»៕