មន្ត្រី បានប្រាប់ឲ្យដឹងកាលពីថ្ងៃចន្ទ (ទី២៥ ខែឧសភា ឆ្នាំ២០២៦) ថា មនុស្សជាង ៣០នាក់ បានបាត់បង់ជីវិទ នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាត លើរថភ្លើង នៅភាគនិរតីនៃប្រទេសប៉ាគីស្ថាន នៅថ្ងៃទី២៤ ខែឧសភា ជាការវាយប្រហារចុងក្រោយបង្អស់ដែលត្រូវបានអះអាងដោយក្រុមសកម្មប្រយុទ្ធបំបែកខ្លួន ក្នុងខេត្ត Balochistan។
មន្ត្រីខេត្ត ២រូប ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារតែពួកគេមិនត្រូវបានអនុញ្ញាតឲ្យបង្ហាញព័ត៌មាននេះ បាននិយាយនៅថ្ងៃទី២៥ ខែឧសភាថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ជាង ៣០នាក់។
មានការរាយការណ៍ដំបូងថា យ៉ាងហោចណាស់មនុស្ស ២៤នាក់បានស្លាប់នៅថ្ងៃទី២៤ ខែឧសភានោះ បន្ទាប់ពីអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ បានបើករថយន្តផ្ទុកដោយគ្រឿងផ្ទុះបុកចូលរថភ្លើង។ គ្រាប់បែកក្នុងរថយន្តនោះ បានវាយប្រហាររថភ្លើងដឹកអ្នកដំណើរដែលដឹកបុគ្គលិកសន្តិសុខប៉ាគីស្ថាន និងក្រុមគ្រួសាររបស់ពួកគេ នៅក្នុងទីក្រុង Quetta របស់ខេត្តនេះ។
រដ្ឋាភិបាល និងយោធាប៉ាគីស្ថានមិនទាន់បានចេញផ្សាយចំនួនអ្នកស្លាប់ជាផ្លូវការដោយសារការវាយប្រហារនេះនៅឡើយទេ ដែលជាការវាយប្រហារចុងក្រោយបំផុត នៅក្នុងការវាយប្រហារជាបន្តបន្ទាប់ លើរថភ្លើង កងកម្លាំងសន្តិសុខ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។
កងទ័ពរំដោះ Baloch Liberation Army (BLA) បានអះអាងទទួលខុសត្រូវ សម្រាប់ការវាយប្រហារនេះ ហើយបានពិពណ៌នាវាថា ជាការបំផ្ទុះគ្រាប់បែកអត្តឃាត៕

