ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កំពុងពិចារណាឲ្យខេត្តផ្សេងទៀត មិនចាំបាច់បំពេញកាតព្វកិច្ចពាក់ម៉ាស់ដែរ ព្រោះស្ថានភាពនៃការឆ្លងរាលដាលជំងឺនេះ នៅក្នុងប្រទេសកម្ពុជា កាន់តែមានភាពធូរស្បើយ ។
ក្នុងពិធីសម្ពោធសមិទ្ធផលនានា ជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុង រាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែមេសានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្ដេចមានផែនការកាត់បន្ថយការចំណាយរបស់ពលរដ្ឋលើការទិញម៉ាស់មកពាក់ ក្រៅពីខេត្តចំនួន៤ ដែលបានសម្រេចរួចហើយ កាលពីមុនបុណ្យឆ្នាំថ្មី ជាខេត្តមិនមានកាតព្វកិច្ចពាក់ម៉ាស់ដែរ។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋ ក្រៅពីខេត្តចំនួន៤ នៅតែបន្តរក្សាការ ពាក់ម៉ាស់ រក្សាអនាម័យផ្ទាល់ខ្លួន និងគោរពនូវវិធានការ ៣កុំ និង៣ការពារ ដើម្បីកាត់បន្ថយការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។
មុនពិធីបុណ្យចូលឆ្នាំថ្មី សម្ដេចតេជោ បានសម្រេចដាក់ខេត្តចំនួន៤ មានខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងខេត្តព្រះវិហារ មិនចាំបាច់បំពេញកាតព្វកិច្ចពាក់ម៉ាស់នោះទេ៕អត្ថបទ៖ បាន សុខរិទ្ធ




