រុស្ស៊ី៖ រុស្ស៊ីបានផ្ដល់ឱសានវាទថ្មីឲ្យក្រុមអ្នកប្រយុទ្ធអ៊ុយក្រែន ដែលនៅតែបន្តលាក់ខ្លួនក្នុងទីក្រុង Mariupol ឲ្យទម្លាក់អាវុធចុះនៅថ្ងៃពុធនេះ ខណៈខ្លួនជំរុញការរុលទៅមុខដណ្ដើមជោគជ័យឲ្យខានតែបាន ក្នុងការវាយប្រហារជាថ្មីក្នុងភាគខាងកើត ខណៈបណ្ដារដ្ឋាភិបាលលោកខាងលិចបានសន្យាផ្ដល់ជំនួយយោធាបន្ថែមទៀតដល់រដ្ឋធានី Kyiv។

កងកម្លាំងរុស្ស៊ីរាប់ពាន់នាក់ដែលត្រូវបានគាំទ្រដោយកាំភ្លើងធំ និងការបាញ់ស្រោចដោយគ្រាប់រ៉ូកែត កំពុងរុលទៅមុខដូចអ្វីដែលក្រុមមន្ត្រីអ៊ុយក្រែនបានហៅថា ជាសង្គ្រាមតំបន់ Donbas។ ការវាយប្រហាររបស់រុស្ស៊ីជិត ៨សប្ដាហ៍បានបរាជ័យក្នុងការដណ្ដើមយកទីក្រុងធំៗបំផុតរបស់អ៊ុយក្រែន ដោយបង្ខំឲ្យក្រុង Moscow ផ្ដោតជាថ្មីទាំងនៅក្នុង និងជុំវិញតំបន់នានារបស់ក្រុមផ្ដាច់ខ្លួន។ នេះគឺជាការវាយប្រហារដ៏ធំបំផុតនៅរដ្ឋក្នុងតំបន់អឺរ៉ុបចាប់តាំងពីឆ្នាំ១៩៤៥ មក ទោះយ៉ាងណាក៏ដោយគេបានមើលឃើញថា សង្គ្រាមនេះបានបង្ខំឲ្យមនុស្សជិត ៥លាននាក់ភៀសខ្លួនចូលទៅប្រទេសជិតខាង និងបណ្ដាលឲ្យទីក្រុងជាច្រើនគ្របដណ្ដប់ដោយកម្ទេចថ្មបែកបាក់៕
អត្ថបទ៖ សុខមាន