អ៊ីស្រាអែលនៅថ្ងៃអង្គារ (ទី២៦ ខែឧសភា ឆ្នាំ២០២៦) នេះ បានចេញការព្រមានជម្លៀស សម្រាប់អ្នកក្រុង Nabatieh នៅភាគខាងត្បូងនៃប្រទេសលីបង់ ដោយជំរុញឲ្យពួកគេចាកចេញ «ភ្លាមៗ» មុនពេលការវាយប្រហារដែលបានគ្រោងទុក ខណៈដែលការភ័យខ្លាចពីការកើនឡើងភាពតានតឹងបន្ថែមទៀត បានកើនឡើង។
នៅប្រហែលថ្ងៃត្រង់ថ្ងៃអង្គារនេះ អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Avichay Adraee បានសរសេរនៅលើបណ្ដាញសង្គម X ថា ប្រជាជនទាំងអស់នៃទីក្រុង Nabatieh ត្រូវតែផ្លាស់ទៅភាគខាងជើងនៃទន្លេ Zahrani។
លោក Adraee បានសរសេរថា៖ «អ្នកណាដែលមានវត្តមាននៅជិតផ្នែកណាមួយរបស់ក្រុមហេសបូឡា មិនថាទីតាំងរបស់ពួកគេ និងមធ្យោបាយប្រយុទ្ធរបស់ពួកគេ កំពុងធ្វើឲ្យជីវិតរបស់ខ្លួនស្ថិតក្នុងគ្រោះថ្នាក់»។
គួរបញ្ជាក់ថា ចំណាត់ការនេះបានកើតឡើង ១ថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា អ៊ីស្រាអែលនឹងបង្កើនការវាយប្រហារលើក្រុមហេសបូឡា។
យោធាអ៊ីស្រាអែលបានឲ្យដឹងថា ខ្លួនបានធ្វើការវាយប្រហារជាង ១០០ដង នាពេលយប់ នៅតំបន់ជ្រលងភ្នំ Beqaa Valley និងនៅទូទាំងភាគខាងត្បូងលីបង់ ដោយបានកំណត់គោលដៅកន្លែងផ្ទុកអាវុធ មជ្ឈមណ្ឌលបញ្ជា ប៉ុស្តិ៍សង្កេតការណ៍ និងទីតាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតរបស់ក្រុមហេសបូឡា។
យោងតាមទីភ្នាក់ងារសារព័ត៌មានជាតិលីបង់ បានឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែល បានកើនឡើងយ៉ាងខ្លាំង ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២នាក់ នៅជ្រលងភ្នំ Beqaa Valle ភាគខាងកើតលីបង់ និងធ្វើឲ្យអ្នកផ្សេងជាច្រើននាក់ទៀតរងរបួស៕