នៅថ្ងៃអង្គារ (ទី២៦ ខែឧសភា ឆ្នាំ២០២៦) នេះ អ្នករស់រានមានជីវិតម្នាក់ និងមន្ត្រីរដ្ឋាភិបាលមួយរូប បានប្រាប់សារព័ត៌មាន AFP ថា ការវាយប្រហារដោយយានដ្រូនដែលត្រូវបានចាត់ទុកថា ជាស្នាដៃរបស់កងកម្លាំងគាំទ្ររហ័ស (RSF) បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤នាក់ ដែលភាគច្រើនជាស្ត្រី នៅក្នុងទីក្រុង al-Tina របស់ប្រទេសស៊ូដង់ ជាប់ព្រំដែនជាមួយឆាដ ។
អ្នករួចជីវិតពីការវាយប្រហារនេះ បានប្រាប់ថា អ្នកស្រុកដែលប្រញាប់ប្រញាល់ទៅបញ្ចុះសពអ្នកស្លាប់ «បានប្រទះឃើញសាកសពចំនួនយ៉ាងតិច ១៤នាក់នៅកន្លែងផ្ទុះគ្រាប់បែក ដែលភាគច្រើនជាស្ត្រី»។ ដោយសុំមិនបញ្ចេញឈ្មោះ ដើម្បីសុវត្ថិភាពរបស់ពួកគេ ពួកគេបានប្រាប់ថា ការវាយប្រហារកាលពីថ្ងៃចន្ទ «បានកំណត់គោលដៅលើកន្លែងជុំគ្នារបស់ស្ត្រីដែលកំពុងលក់អាហារ និងតែ នៅក្នុងផ្សាររបស់ទីក្រុង al-Tina។
ការវាយប្រហារសាហាវលើទីតាំងស៊ីវិល ក្នុងនោះរួមទាំងផ្សារផងដែរ គឺមិនមែនជារឿងប្លែកឡើយ នៅក្នុងសង្គ្រាម រវាងកងទ័ពស៊ូដង់ និងកងកម្លាំង RSF ដែលចាប់តាំងពីខែមេសា ឆ្នាំ២០២៣ មក បានផ្ដាច់ជីវិតមនុស្សរាប់ម៉ឺននាក់។ ចំនួនអ្នកស្លាប់ពិតប្រាកដ មិនអាចបញ្ជាក់បានឡើយ ប៉ុន្តែបុគ្គលិកជំនួយ ប៉ាន់ប្រមាណថា មានមនុស្សជាង ២០០.០០០នាក់ ត្រូវបានសម្លាប់។
មន្ត្រីរដ្ឋាភិបាលម្នាក់ បានបញ្ជាក់ពីការមានការវាយប្រហារនេះដែរ ហើយបាននិយាយថា អាជ្ញាធរកំពុង «ធ្វើការ ដើម្បីសរុបចំនួនអ្នកស្លាប់ និងរបួស»។ ទីក្រុង Al-Tina ស្ថិតនៅតាមព្រំដែនជាមួយប្រទេសឆាដ នៅភាគខាងលិចបំផុតនៃតំបន់ Darfur ត្រូវបានវាយប្រហារជាប្រចាំពីកងកម្លាំង RSF នៅឆ្នាំនេះ៕