អ៊ីរ៉ង់ទាមទារឲ្យមានការបញ្ចេញទ្រព្យសម្បត្តិដែលត្រូវបានបង្កកចំនួន ១២ពាន់លានដុល្លារ នៅក្នុងកិច្ចព្រមព្រៀងដែលអាចកើតមានជាមួយសហរដ្ឋអាមេរិក ហើយទទូចថា ១២ពាន់លានដុល្លារផ្សេងទៀត «គួរតែត្រូវបានផ្ទេរក្នុងរយៈពេល ៦០ថ្ងៃ» បន្ទាប់ពីមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim ដែលបានរាយការណ៍នៅថ្ងៃអង្គារ (ទី២៦ ខែឧសភា ឆ្នាំ២០២៦) នេះ។
ដោយសំអាងដល់ប្រភពដែលស្និទ្ធនឹងបញ្ហានេះ សារព័ត៌មាន Tasnim បានឲ្យដឹងថា អ្នកចរចាជាន់ខ្ពស់ និងជាប្រធានសភាអ៊ីរ៉ង់ លោក Mohammed Bagher Qalibaf បានទៅទស្សនកិច្ចប្រទេសកាតា កាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាអំពី «ការធានាសិទ្ធិទទួលបានប្រាក់ចំនួន ១២ពាន់លានដុល្លារ នៅក្នុងដំណាក់កាលដំបូង ក៏ដូចជាការលុបបំបាត់ឧបសគ្គនានា»។
ប្រភពនេះបានបញ្ជាក់ថា៖ «ដោយផ្អែកលើបទពិសោធន៍កន្លងមក ពាក់ព័ន្ធនឹងការបញ្ចេញមូលនិធិអ៊ីរ៉ង់ ទាំងនៅកូរ៉េខាងត្បូង និងកាតា ការសង្កត់ធ្ងន់ត្រូវបានដាក់លើការត្រួតពិនិត្យដំណើរការអនុវត្តដោយប្រុងប្រយ័ត្ន ដើម្បីបញ្ចៀសកុំឲ្យបញ្ហាពីមុនកើតឡើងជាថ្មី»។
ប្រភពបានកត់សម្គាល់ថា ដំណើរទស្សនកិច្ចរបស់លោក Qalibaf មានគោលបំណងធានាការទទួលបានមូលនិធិដោយរលូន។ លោកបានបន្ថែមថា ការចរចា នៅកាតា «ជាទូទៅមានភាពវិជ្ជមាន និងរួមចំណែកដល់វឌ្ឍនភាពក្នុងការចរចាកាន់តែទូលំទូលាយ»។
គួរបញ្ជាក់ថា ភាពតានតឹងក្នុងតំបន់បានកើនឡើងចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ កាលពីខែកុម្ភៈ។ ទីក្រុងតេអេរ៉ង់បានសងសឹកវិញដោយការវាយប្រហារដែលផ្តោតលើអ៊ីស្រាអែល ក៏ដូចជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក នៅតំបន់ឈូងសមុទ្រពែក្ស រួមជាមួយនឹងការបិទច្រកសមុទ្រហ័រមូសផងដែរ។ បទឈប់បាញ់មួយបានចូលជាធរមាននៅថ្ងៃទី៨ ខែមេសា តាមរយៈការសម្របសម្រួលរបស់ប៉ាគីស្ថាន ហើយក្រោយមកត្រូវបានបន្តដោយប្រធានាធិបតីអាមេរិក លោក Donald Trump ដោយគ្មានកំណត់៕