ពលរដ្ឋរស់នៅក្នុងទីក្រុងគីវ និយាយនៅថ្ងៃអង្គារនេះថា ការគំរាមវាយប្រហារជាប្រព័ន្ធរបស់រុស្ស៊ី គ្មានអ្វីថ្មីនោះទេ ក្រោយទីក្រុងមូស្គូ និយាយកាលពីរយៈពេល ១ថ្ងៃមុនថា ពួកគេមានគម្រោងវាយប្រហារគោលដៅទីក្រុងគីវដែលពាក់ព័ន្ធនឹងយោធាអ៊ុយក្រែន ក៏ដូចជាមជ្ឈមណ្ឌលសម្រេចចិត្ត ។
រុស្ស៊ីបានគំរាមវាយប្រហារជាប្រព័ន្ធជាថ្មីទៀតប្រឆាំងនឹងទីក្រុងគីវ ប៉ុន្មានថ្ងៃបន្ទាប់ពីបានបើកការវាយប្រហារដ៏ធំបំផុតមួយរបស់ពួកគេទៅលើរដ្ឋធានីរបស់អ៊ុយក្រែនចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាម ។
ក្រសួងការបរទេសរុស្ស៊ីនិយាយក្នុងសេចក្តីថ្លែងការណ៍ថា ការវាយប្រហារថ្មីនឹងកំណត់គោលដៅទៅលើមជ្ឈមណ្ឌលធ្វើការសម្រេចចិត្ត និងប៉ុស្តិ៍បញ្ជាការ រួមជាមួយនឹងរោងចក្រផលិតយានដ្រូន នៅក្នុងទីក្រុងនេះ ។ ពួកគេបានអំពាវនាវផងដែរឲ្យជនបរទេស និងមន្រ្តីការទូតចាកចេញពីទីក្រុងគីវឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងបានព្រមានពលរដ្ឋអ៊ុយក្រែននៅឲ្យឆ្ងាយពីអគាររដ្ឋបាល និងយោធា។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រី Kateryna Kozechenko វ័យ ៣៨ឆ្នាំ ដែលរស់នៅក្នុងទីក្រុងគីវ និយាយថា អ្នកស្រីគិតគូរខ្លាំងពីការគំរាមកំហែងរបស់រុស្ស៊ី ប៉ុន្តែអ្នកស្រីបន្តថា ការវាយប្រហារបានកើតឡើងឥតឈប់ឈររួចទៅហើយ ។ ដូច្នេះហើយ អ្នកស្រីត្រៀមខ្លួនរួចជាស្រេចសម្រាប់ការព្រមានមួយនេះ ៕