អ៊ីស្រាអែលនិយាយថា ខ្លួនបានកំណត់គោលដៅលើមេបញ្ជាការស្លាបប្រដាប់អាវុធរបស់ក្រុមហាម៉ាសថ្មី ក្នុងការវាយប្រហារនៅតំបន់ហ្កាហ្សាកាលពីថ្ងៃអង្គារ ទី២៦ ខែឧសភា ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីអ្នកកាន់តំណែងមុនរបស់មេបបញ្ជាការរូបនេះត្រូវបានសម្លាប់នៅក្នុងការវាយប្រហារស្រដៀងគ្នានៅក្នុងដែនដីប៉ាឡេស្ទីន។

សេចក្តីថ្លែងការណ៍រួមដែលចេញដោយ លោក Netanyahu និង លោក Katz បាននិយាយថា «ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu និងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Israel Katz កងកម្លាំងការពារអ៊ីស្រាអែល(IDF) បានបើកការវាយប្រហារនៅតំបន់ហ្កាហ្សាកំណត់គោលដៅលើ លោក Mohammed Odeh មេបញ្ជាការថ្មីនៃស្លាបយោធារបស់អង្គការភេរវកម្មក្រុមហាម៉ាស និងជាអ្នកចាប់ផ្តើមម្នាក់នៃការសម្លាប់រង្គាលនៅថ្ងៃទី ៧ ខែតុលា»។

លោក Odeh ត្រូវបានតែងតាំងជាមេបញ្ជាការកងពល បន្ទាប់ពីអ្នកកាន់តំណែងមុន លោក Ezzedine Al-Haddad ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនៅតំបន់ហ្កាហ្សា កាលពីដើមខែឧសភា។
សេចចក្តីថ្លែងការណ៍របស់ លោក Netanyahu និង លោក Katz និយាយថា «លោក Odeh បានបម្រើការជាប្រមុខចារកម្មក្រុមហាម៉ាសក្នុងអំឡុងពេលនៃការសម្លាប់រង្គាលនៅថ្ងៃទី៧ ខែតុលា ហើយត្រូវបានតែងតាំងប្រហែលមួយសប្តាហ៍កន្លងទៅនេះ ជាអ្នកបន្តតំណែងរបស់ លោក Ezzedine Al-Haddad»។ សេចក្តីថ្លែងការណ៍និយាយថា «លោក Odeh ជាអ្នកទទួលខុសត្រូវចំពោះឃាតកម្ម ការចាប់ពង្រត់ និងការធ្វើឲ្យរងរបួសជនស៊ីវិលអ៊ីស្រាអែល និងទាហានរបស់កងកម្លាំងការពារអ៊ីស្រាអែល ជាច្រើននាក់»។