ភ្នំពេញ ៖ ព្រឹកថ្ងៃទី១៩ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ មន្ត្រី ជំនាញ និង អាជ្ញាធរ ដែនដី ពាក់ព័ន្ធ បានអញ្ជើញទៅពិនិត្យមើលដំណើរការជួសជុលកែលម្អ ស្តូបព្រះបរមរតនៈកោដ្ឋ ដែល ស្ថិតនៅលើសួនច្បារខាងកើតវិមានឯករាជ្យ ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ដែលកំពុងតែដំណើរការជួសជុល កែលម្អ។
ក្នុងឱកាស ចុះ ពិនិត្យ នោះ សម្តេច បាន កត់សម្គាល់ចំពោះស្នាដៃដ៏ល្អនិងលើកទឹកចិត្តអោយក្រុមជំនាញយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត ដើម្បីអោយសំណង់ដ៏ថ្លៃថ្លានេះ សម្រេចបានគួរជាទីមោទនៈ និងគោរពប្រតិបត្តិសម្រាប់ប្រជាជាតិនិងភ្ញៀវអន្តរជាតិចំពោះព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ។ នេះជាទីឋាន ដែលរដ្ឋបាលរាជធានីភ្នំពេញបានជួសជុលថែទាំជាប់ជាប្រចាំនិងជាទីកន្លែងដែលតែងប្រារព្ធពិធីថ្វាយកុសលឧទ្ទិសដល់ដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនៈកោដ្ឋ ជារៀងរាល់ឆ្នាំ ។
បើតាម ឯកឧត្តមអភិបាល រាជធានីភ្នំពេញ បានឲ្យដឹងថា ការជួសជុល កែលម្អស្តូបព្រះបរមរតនកោដ្ឋនេះ ជាដំណាក់កាល គឺមាន ជួសជុល ដំបូល ពិដាន, លាបក្បាច់ពណ៌ទឹកមាស ផ្នែកខាងលើបរមរូប , ជួសជុល ជើង ទម្រ ថ្ម ម៉ាប និង ថ្មភ្នំ រួមទាំង ការថែទាំ សួនច្បារ , រៀបចំ ប្រព័ន្ធ បាញ់ ទឹក ជាថ្មី ឡើងវិញ រួមទាំង ការកាប់ ដើម ក្ងោកចាស់ៗដែលពុកផុយ រួចដាំជាថ្មីឡើងវិញ ហើយសាលារាជធានីភ្នំពេញ ក៏បានរៀបចំបែងចែកអោយមានគណៈកម្មការទទួលខុសត្រូវលើជួសជុលថែទាំជាប់ជាប្រចាំទាំងចំពោះស្តូបព្រះបរមរូប ក៏ដូចជាសួនផងដែរ។
ការជួសជុលកែលម្អឡើងវិញស្តូបព្រះបរមរូប បើគិតរហូតមកដល់ពេលនេះ គឺសម្រេចបានប្រមាណ ៩៥% ហើយៗ គ្រោងនឹងធ្វើឱ្យ រួចរាល់នៅចុងខែមីនានេះ ។ ទីតាំង ស្តូប ព្រះបរមរតនៈកោដ្ឋ រួមទាំង សួនច្បារ ជុំវិញផង បានក្លាយជាទីរមណីយដ្ឋានដ៏ស្រស់បំព្រង ប្រកបដោយ ខ្យល់អាកាស បរិសុទ្ធ និង ពេញនិយម សំរាប់ ភ្ញៀវទេសចរ ទៅ លំហែ កម្សាន្ត និង ជាទី ពេញនិយម សំរាប់ ប្រជាពលរដ្ឋ ទូទៅ ហាត់ប្រាណ ដើម្បី សុខភាព ផងដែរ ។
គួរបញ្ជាក់ថា ព្រះករុណា សម្តេច ព្រះ នរោត្តម សីហនុ ព្រះ មហា វីរក្សត្រ ព្រះបរមរតនកោដ្ឋ បានស្តេច យាង សោយ ព្រះ ទិវង្គត នៅ ថ្ងៃ ទី ១៥ ខែ តុលា ឆ្នាំ ២០១២ នៅ ឯ មន្ទីរពេទ្យ ធំ ក្នុង ទីក្រុង ប៉េកាំង នៃ សាធារណរដ្ឋ ប្រជាមានិត ចិន ក្នុង ព្រះជន្ម ៩០ ព្រះវស្សា ដោយ ព្រះ រោគាពាធ ដែល ជាការ បាត់បង់ ដ៏ ធំធេង របស់ កម្ពុជាហើយស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋនេះគឺបានបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី២២ខែកុម្ភៈឆ្នាំ ២០១៣ មាន រចនា តាមទម្រង់បុស្បុក មានកម្ពស់សរុប ២៧ ម៉ែត្រ គិតពីបាតក្រោម ដល់ កំពូល។ រីឯ តួព្រះបរមរូប ធ្វើ អំពីស្ពាន់មានកម្ពស់៤,៥ ម៉ែត្រ ទ្រង់ឈរ លើព្រះទែនមានកម្ពស់ ២,៧ ម៉ែត្រ គឺ សង់នៅលើខឿនរាងចតុកោណ កែង មានបណ្តោយ៥៤ ម៉ែត្រ ទទឹង២៧ ម៉ែត្រ កម្ពស់ ០,៩ ម៉ែត្រ។ ការរចនាសម្ព័ន្ធបុស្បុក និងព្រះបរមរូប គឺ ត្រូវ បានកំណត់យកខ្នាតទូទៅមួយសុទ្ធ តែមានលេខ អាចបូកផ្គុំបញ្ចូលគ្នាបានជាលេខ៩ទាំងអស់ ហើយស្តូបព្រះបរមរូប ព្រះបរមរតនកោដ្ឋត្រូវបានសម្ពោធដាក់ឱ្យប្រជាពលរដ្ឋនិងភ្ញៀវបរទេសចូលគោរពព្រះវិញ្ញាណក្ខន្ធនៅថ្ងៃទី១១ខែ តុលា ឆ្នាំ២០១៣ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នរោត្តម មុនីនាថ សីហនុ ព្រមទាំងឥស្សរជនជាន់ខ្ពស់ក្នុងស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ និងសិស្សានុសិស្សមួយចំនួនផងដែរ៕
អត្ថបទ៖ មុត សុទ្ធ