នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងជើងគោកអ៊ីស្រាអែលដ៏ធំ កំពុងបង្កើនប្រតិបត្តិការរបស់ពួកគេ នៅក្នុងប្រទេសលីបង់ និងដណ្តើមយក«តំបន់ដែលគ្រប់គ្រងមួយចំនួន»។

នៅក្នុងសេចក្តីថ្លែងការណ៍វីដេអូមួយនៅពេលចាប់ផ្តើមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខរបស់ខ្លួន លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា ប្រតិបត្តិការដែលបានពង្រីកនេះ មានគោលបំណងពង្រឹងអ្វីដែលលោកបានពិពណ៌នាថា ជា «តំបន់ទ្រនាប់» នៅភាគខាងត្បូងប្រទេសលីបង់ តាមបណ្តោយព្រំដែនភាគខាងជើងរបស់អ៊ីស្រាអែល។

លោក ណេតាន់យ៉ាហ៊ូ បានលើកឡើងថា៖«កងកម្លាំងការពារអ៊ីស្រាអែល (IDF) កំពុងប្រតិបត្តិការជាមួយកម្លាំងថ្មើរជើងយ៉ាងច្រើន និងដណ្តើមយកតំបន់សំខាន់ៗ»។
លោកបានបន្ថែមថា អ៊ីស្រាអែលកំពុងអនុវត្តអ្វីដែលលោកហៅថា ជាកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់មួយដើម្បីអភិវឌ្ឍន៍ដំណោះស្រាយ «ប្រកបដោយភាពច្នៃប្រឌិត និងវិធីសាស្ត្រថ្មី» ប្រឆាំងនឹងយានដ្រូនបំផ្ទុះរបស់ក្រុមហេសបូឡា ដែលបានសម្លាប់ និងធ្វើឲ្យកងទ័ពអ៊ីស្រាអែលរងរបួស អំឡុងពេលប្រយុទ្ធគ្នា។
នាព្រឹកថ្ងៃអង្គារ ទូរទស្សន៍ Kan ដែលគ្រប់គ្រងដោយរដ្ឋ បានរាយការណ៍ថា កងកម្លាំងជើងគោកអ៊ីស្រា អែល បានចាប់ផ្តើមប្រតិបត្តិការហួសពី «តំបន់ទ្រនាប់» នៅភាគខាងត្បូងប្រទេសលីបង់៕
