យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន AFP បានឲ្យដឹងថា អាជ្ញាធរដឹកជញ្ជូនរបស់ប្រទេសឥណ្ឌា បានប្រកាសថានាវិកឥណ្ឌា១០នាក់នៅលើនាវាដឹកប្រេងដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់ ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ ត្រូវបានដោះលែងបន្ទាប់ពី «ការចូលរួមផ្នែកការទូតជាបន្តបន្ទាប់»។

អាជ្ញាធរដឹកជញ្ជូនរបស់ប្រទេសឥណ្ឌា បាននិយាយថាសមាជិកនាវិកមកពីនាវា MV Harbour Phoenix ត្រូវបានអាជ្ញាធរអ៊ីរ៉ង់ចាប់ខ្លួន និងដាក់ពន្ធនាគារ បន្ទាប់ពីនាវារបស់ពួកគេត្រូវបានស្ទាក់ចាប់នៅជិតកំពង់ផែ Jask កាលពីឆ្នាំមុន។

អាជ្ញាធរដឹកជញ្ជូនបាននិយាយថា «នាវិកនៅពេលនេះ ត្រូវបានដោះលែង និងជួបជុំគ្នាដោយសុវត្ថិភាព» ហើយ«ការរៀបចំចាំបាច់ កំពុងត្រូវបានសម្របសម្រួលសម្រាប់ការវិលត្រឡប់ទៅវិញឲ្យបានឆាប់បំផុតរបស់សមាជិកនាវិកទៅកាន់ប្រទេសឥណ្ឌា»។
អាជ្ញាធរមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីមូលហេតុនៃការចាប់ខ្លួន ឬរារាំងនាវា ដែលអង្គភាពចុះបញ្ជីនិយាយថា ជានាវាដឹកផលិតផលប្រេងបំពាក់ទង់ជាតិកោះ Palau។