អ៊ីរ៉ង់បានទាមទារឲ្យមានការដោះលែងទ្រព្យសកម្មដែលត្រូវបានបង្កករបស់ខ្លួន ដែលមានតម្លៃ ២៤ពាន់លានដុល្លារអាមេរិក ក្នុងអំឡុងពេលចរចាជាមួយសហរដ្ឋអាមេរិកស្តីពីការបញ្ចប់សង្គ្រាម។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់។

ដោយដកស្រង់ប្រភពព័ត៌មានដែលជិតស្និទ្ធនឹងក្រុមចរចារបស់អ៊ីរ៉ង់ សារព័ត៌មាន Tasnim បាននិយាយថា យោងតាមអត្ថបទនៃអនុស្សរណៈយោគយល់ (MoU) ចំនួន ១៤ ចំណុច ដែលកំពុងត្រូវបានដំណើរការដើម្បីបញ្ចប់ រវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ទ្រព្យសកម្មដែលត្រូវបានបង្កករបស់ អ៊ីរ៉ង់ ត្រូវតែត្រូវបានដោះលែង អំឡុងពេលចរចាសន្តិភាព។

ប្រភពបានបន្ថែមថា អ៊ីរ៉ង់ទទូចថា ពាក់កណ្តាលនៃចំនួនទឹកប្រាក់ទាំងនោះ ត្រូវតែប្រគល់ឲ្យ នៅពេលមានការប្រកាសអំពីអនុស្សរណៈយោគយល់នោះ ហើយចំនួនប្រាក់នៅសល់ត្រូវប្រគល់ឲ្យ ក្នុងរយៈពេល ៦០ថ្ងៃ។
យោងតាមប្រភពព័ត៌មាន ដំណើរទស្សនកិច្ចកាលពីថ្ងៃចន្ទរបស់ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf ទៅកាន់ប្រទេសកាតា មានគោលបំណងឈានដល់ការយោគយល់គ្នាលើការអនុវត្តតម្រូវការរបស់អ៊ីរ៉ង់ និងវិធីដើម្បីផ្តល់ឲ្យប្រទេសនេះនូវសិទ្ធិចូលប្រើប្រាស់ទ្រព្យសកម្មដែលបង្កករបស់ខ្លួនចំនួន ១២ ពាន់លានដុល្លារអាមេរិក នៅក្នុងជំហានដំបូង និងបញ្ចប់ឧបសគ្គចំពោះគោលដៅនោះ៕