សមាជិកសភាគណបក្សសាធារណរដ្ឋដែលមានឥទ្ធិពលមួយចំនួន បានព្រមានប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ( Donald Trump) អំពីការសម្រេចកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់យ៉ាង ប្រញាប់ប្រញាល់ ដោយខ្លាចថា លក្ខខណ្ឌរបស់វាអាចមិនអំណោយផលសម្រាប់ទីក្រុងវ៉ាស៊ីនតោន។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន Politico។

សារព័ត៌មាននេះ និយាយថា៖«ការជំរុញរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ សម្រាប់កិច្ចព្រមព្រៀងសន្តិភាពអ៊ីរ៉ង់ ប្រឈមមុខនឹងការប្រឆាំងពីក្រុមនេះដ៏គួរឲ្យភ្ញាក់ផ្អើលមួយ៖ ក្រុមអ្នកនយោបាយសាធារណរដ្ឋនិយមដែលខ្លាចថា សេតវិមាននឹងធ្វើកិច្ចព្រមព្រៀងមិនល្អ។ «មន្ត្រីជាន់ខ្ពស់នៃបក្សសាធារណរដ្ឋ បានព្រមានថា កិច្ចព្រមព្រៀងដ៏ឆាប់រហ័សអាចធ្វើឲ្យអ៊ីរ៉ង់មានឧបករណ៍ ដើម្បីគំរាមកំហែងដល់តំបន់ និងបិទចរាចរណ៍ពាណិជ្ជកម្ម នៅក្នុងច្រកសមុទ្រហ័រមូស»។
Politico បានសរសេរថា៖«ចំណុចជាប់គាំងសំខាន់ៗ នឹងរួមបញ្ចូលអនាគតនៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ រួមទាំងស្តុកអ៊ុយរ៉ានីញ៉ូមដែលមានធាតុសុទ្ធកម្រិតខ្ពស់ និងការបើកផ្លូវសម្រាប់ការដឹកជញ្ជូនតាមផ្លូវ សមុទ្រនៃច្រកនេះ»។
សំណេរនោះបានបញ្ជាក់ថា៖«មន្ត្រីជាន់ខ្ពស់ជាច្រើននៃគណបក្សសាធារណរដ្ឋ កំពុងជំរុញរដ្ឋបាលនេះឲ្យបោះបង់ចោលការចរចា និងរក្សាសម្ពាធលើអ៊ីរ៉ង់»៕
