យោធាបាននិយាយកាលពីថ្ងៃអង្គារថា កងទ័ពប្រទេសនីហ្សេរីយ៉ា បានសម្លាប់ភេរវករដែលសង្ស័យ ចំនួន ៣១៧នាក់ និងចាប់ខ្លួន៣១៤នាក់ផ្សេងទៀតនៅក្នុងប្រតិបត្តិការប្រឆាំងភេរវកម្មជាបន្តបន្ទាប់នៅទូទាំងប្រទេសក្នុងខែឧសភានេះ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំខែ អ្នកនាំពាក្យយោធាលោក Michael Onoja បាននិយាយថា ប្រតិបត្តិការនេះក៏បាននាំឱ្យមានការជួយសង្គ្រោះជនរងគ្រោះពីការចាប់ជំរិត ២២១នាក់ និងភេរវករដែលសង្ស័យ១៨នាក់ បានចុះចាញ់។
យោងតាមលោក Onoja បានឲ្យដឹងថា ប្រតិបត្តិការនេះត្រូវបានអនុវត្តរួមគ្នាដោយកងកម្លាំងទ័ពអាកាស ទ័ពជើងគោក និងជើងទឹក ក្នុងការសម្របសម្រួលជាមួយទីភ្នាក់ងារសន្តិសុខផ្សេងទៀត។ លោក Onoja បាននិយាយបន្ថែមថា កងទ័ពបានរកឃើញអាវុធចំនួន៩៣ដើមមានប្រភេទផ្សេងៗគ្នា និងបានបំផ្លាញទីតាំងចម្រាញ់ប្រេងខុសច្បាប់ចំនួនបីកន្លែង ខណៈរឹបអូសផលិតផលប្រេងឥន្ធនៈដែលត្រូវបានលួចរាប់ម៉ឺនលីត្រ ។
មន្ត្រីយោធារូបនេះ និយាយថា ប្រតិបត្តិការ បានបង្ហាញពីសម្ពាធជាប់ជាប្រចាំលើបណ្តាញភេរវករ ក្រុមឧក្រិដ្ឋជន និងក្រុមចោរកម្មប្រេងនៅទូទាំងប្រទេស។

