គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត (គ.ជ.វ.ទ) និងរដ្ឋបាលខេត្ដព្រះសីហនុ ភាគីពាក់ព័ន្ធនានា ព្រមទាំងវិស័យឯកជន រួមសហការរៀបចំកិច្ចប្រជុំពិភាក្សាលើគម្រោង «ប្រែក្លាយតំបន់ទេសចរណ៍កោះរ៉ុង ជាតំបន់ទេសចរណ៍គ្មានប្លាស្ទិក» (Plastic-Free Tourism Zone) នៅក្រុងព្រះសីហនុ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦។
ឯកឧត្តម ហ៊ួត រិទ្ធី អគ្គលេខាធិការរង គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត (គ.ជ.វ.ទ) និងជាប្រធាននាយកដ្ឋានសេវាគាំពារទីក្រុងស្អាត បានមានប្រសាសន៍ថា គ.ជ.វ.ទ មានទិសដៅយុទ្ធសាស្ត្រចម្បងពីរសម្រាប់អនុវត្តនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ គឺ១. ការបើកយុទ្ធនាការសម្អាតកាកសំណល់ប្លាស្ទិកតាមតំបន់ឆ្នេរ ដោយជ្រើសរើសយកឆ្នេរណាមួយជាគំរូ ក្នុងចំណោមឆ្នេរកម្សាន្តទាំង៣០កន្លែង ដើម្បីធ្វើការសម្អាតជាប្រចាំ រួចពង្រីកទៅកាន់តំបន់ឆ្នេរដទៃទៀត។ ២. ការជំរុញយន្តការប្រែក្លាយក្រុងកោះរ៉ុង ឱ្យទៅជាក្រុងដែលគ្មានកាកសំណល់ប្លាស្ទិក។ ក្រុងកោះរ៉ុង គឺជាតំបន់សក្តានុពលទេសចរណ៍ដ៏ស្រស់ស្អាតដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តយ៉ាងច្រើនកុះករ។ ក្នុងដំណើរចុះពិនិត្យការងារជាលើកទី២ នេះ គ.ជ.វ.ទ រួមជាមួយអង្គការ និងដៃគូពាក់ព័ន្ធ នឹងធ្វើការវាយតម្លៃលើផលប៉ះពាល់ ដើម្បីស្វែងរកដំណោះស្រាយសមស្រប ដោយក្នុងនោះ ដំណោះស្រាយដ៏ប្រសើរបំផុត គឺការបង្កើតការកែច្នៃសំណល់ប្លាស្ទិកនៅនឹងកោះតែម្តង។
ឯកឧត្តម បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន និងដៃគូពាក់ព័ន្ធទាំងអស់ ចូលរួមសហការគ្នាខ្ពស់ក្នុងការគ្រប់គ្រង និងកាត់បន្ថយសំណល់ប្លាស្ទិក ដើម្បីធានាបាននូវបរិស្ថានឆ្នេរស្អាត ខ្យល់អាកាសបរិសុទ្ធ និងរក្សាបាននូវភាពទាក់ទាញផ្នែកទេសចរណ៍ប្រកបដោយនិរន្តរភាព។
លោក ចេន រ៉េត នាយករងរដ្ឋបាលសាលាខេត្តព្រះសីហនុ បានបន្ថែមថា វិស័យទេសចរណ៍ ជាវិស័យបៃតងដ៏មានសារសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងអភិរក្សសម្បត្តិវប្បធម៌ ព្រមទាំងធនធានធម្មជាតិរបស់ខេត្ត។ ខេត្តព្រះសីហនុ មានសក្តានុពលសម្បូរបែប និងការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។ បញ្ហាប្រឈមនៃសំណល់ប្លាស្ទិក យោងតាមទិន្នន័យខេត្តព្រះសីហនុ មានសំណល់ប្លាស្ទិកប្រមាណ៤០ពាន់តោន ក្នុងមួយឆ្នាំ ក្នុងនោះមួយចំនួនត្រូវបានយកទៅកែច្នៃឡើងវិញ តែបរិមាណនៅសេសសល់បានបង្កផលប៉ះពាល់ដល់បរិស្ថានឆ្នេរ ស្ទះប្រព័ន្ធលូ បង្កើតហានិភ័យទឹកជំនន់ និងប៉ះពាល់ដល់សុខភាពសាធារណៈ ព្រមទាំងជីវៈចម្រុះ។ ឆ្លើយតបនឹងបញ្ហានេះ រដ្ឋបាលខេត្ត បានដាក់ចេញវិធានការដោះស្រាយជាបន្តបន្ទាប់ ដូចជា ការបំពាក់ធុងសំរាមតាមទីសាធារណៈ ការជំរុញការប្រើប្រាស់ផលិតផលជំនួសប្លាស្ទិក ការញែកសំណល់ និងការបំផុសស្មារតីដៃគូពាក់ព័ន្ធ ឱ្យចូលរួមក្នុងចលនាប្រឡងប្រណាំង «ឆ្នេរស្អាត ទីក្រុងស្អាត បរិស្ថានស្អាត» ៕



