ភ្នំពេញ៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA)បានចុះអនុស្សារណៈយោគយល់ជាមួយអង្គការមូលនិធិនគរទេព ។
ក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សូមថ្លែងអរគុណចំពោះអង្គការមូលនិធិនគរទេព ដែលចុះអនុស្សារណៈយោគយល់ ដើម្បីចូលរួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពមនុស្សធម៌ ដើម្បីបុព្វហេតុប្រជាពលរដ្ឋតាមរយៈការចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស។
ឯកឧត្តមបណ្ឌិត បន្ដថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) និងអង្គការមូលនិធិនគរទេព មានបេសកកម្មស្រដៀងគ្នាក្នុងជួយសង្គ្រោះជីវិតមនុស្សតាមរយៈការផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋ។ ជាក់ស្ដែងយើងបានរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមរយៈការរៀបចំមន្ទីរពេទ្យហ្លួងម៉ែ ដើម្បីសង្គ្រោះបន្ទាន់ និងព្យាបាលអ្នកជំងឺកូវីដ-១៩។ ការផ្ដល់ការគាំទ្រនេះ បានធ្វើឱ្យស្ថានភាពពេលបច្ចុប្បន្ននេះខុសប្លែកពីស្ថានភាពកាលពីឆ្នាំកន្លងទៅ ធ្វើឱ្យប្រជាពលរដ្ឋរីករាយនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយមិនមានភាពភ័យខ្លាចនឹងជំងឺកូវីដ-១៩ ធ្វើឱ្យប្រជាពលរដ្ឋមានជំនឿជឿជាក់លើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចជោគ (TYDA) គឺមានគោលការណ៍០៣ នៅក្នុងការអនុវត្តកិច្ចការមនុស្សធម៌ ដើម្បីបុព្វហេតុជួយដល់ប្រជាពលរដ្ឋ៖ ១- ការផ្ដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋតាមរយៈការព្យាបាលឥតគិតថ្លៃ និងបញ្ជូនមកវះកាត់ និងព្យាបាលបន្តនៅរាជធានីភ្នំពេញក្រោមការឧបត្ថម្ភថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដើម្បីផ្តល់ក្តីសង្ឃឹម ស្នាមញញឹម និងក្តីសុខរបស់ប្រជាពលរដ្ឋ។
២-ដើម្បីប្រមូលផ្ដុំ និងផ្តល់ឱកាសដល់កម្លាំងស្ម័គ្រចិត្ត ដែលមានជំនាញ ទឹកចិត្ត ឆន្ទៈដើម្បីចូលរួមធ្វើសកម្មភាពមនុស្សធម៌ ដើម្បីបុព្វហេតុសង្គមតាមរយៈការចុះពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋដែលគិតថ្លៃនៅទូទាំងប្រទេស។
៣-ផ្ដល់លទ្ធភាព ការបណ្ដុះបណ្ដាលសមត្ថភាពដល់សមាជិក និងក្រុមការងារ ដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែរីកចម្រើនក្នុងការយកជំនាញបច្ចេកទេសព្យាបាលជូនប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍន៍វិស័យសុខាភិបាលនៅកម្ពុជា៕





