កាលពីថ្ងៃអង្គារ (ទី២៦ ខែឧសភា ឆ្នាំ២០២៦) ប្រទេសចិនបានរិះគន់កិច្ចសន្ទនាសន្តិសុខ ៤ភាគី ឬក្រុម Quad បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសនៃប្រទេសអូស្ត្រាលី ឥណ្ឌា ជប៉ុន និងសហរដ្ឋអាមេរិក បានប្រកាសពីគំនិតផ្តួចផ្តើមថ្មីៗ ស្ដីពីសន្តិសុខដែនសមុទ្រ ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ និងថាមពល។
អំឡុងពេលនិយាយនៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងនេះ គួរតែរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ ហើយ «មិនគួរកំណត់គោលដៅភាគីទី៣ ណាមួយឡើយ»។

ជាការឆ្លើយតបទៅនឹងសំណួរ អំពីគំនិតផ្តួចផ្តើមត្រួតពិនិត្យដែនសមុទ្រថ្មី ដែលបានចាប់ផ្តើមដោយប្រទេសទាំង៤ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក លោកស្រី Mao បាននិយាយថា៖ «យើងមិនគាំទ្រការបង្កើតក្រុមតូចៗផ្ដាច់មុខ ឬការប្រឈមមុខដាក់គ្នា រវាងប្លុកទេ។ កិច្ចសហប្រតិបត្តិការណាមួយ មិនគួរធ្វើឲ្យខូចទំនុកចិត្តគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការ ក្នុងចំណោមប្រទេសក្នុងតំបន់ឡើយ»។
គួរបញ្ជាក់ថា បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AP បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានប្រកាសកាលពីថ្ងៃអង្គារ អំពីគំនិតផ្តួចផ្តើមឃ្លាំមើលដែនសមុទ្រ «ឥណ្ឌូ-ប៉ាស៊ីហ្វិក» ថ្មីមួយ ដើម្បីរួមបញ្ចូលសមត្ថភាពឃ្លាំមើលរបស់ប្រទេសទាំង ៤ និងពង្រឹងការចែករំលែកព័ត៌មានជាក់ស្តែងនៅទូទាំងតំបន់នេះ៕
