នៅក្នុងសុន្ទរកថាមួយទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) កាលពីថ្ងៃអង្គារ (ទី២៦ ខែឧសភា ឆ្នាំ២០២៦) រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez Parrilla បានស្នើសុំជំនួយជាបន្ទាន់ពីសហគមន៍អន្តរជាតិ ដើម្បីទប់ស្កាត់គ្រោះមហន្តរាយនៅក្នុងប្រទេសរបស់លោក ដែលស្ថិតនៅក្រោមការបិទខ្ទប់ផ្លូវថាមពលដោយសហរដ្ឋអាមេរិក។

លោក Rodriguez បាននិយាយថា៖ «ខ្ញុំសូមអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យមានវិធានាករ ដើម្បីទប់ស្កាត់គ្រោះមហន្តរាយមនុស្សធម៌ ដែលអាចត្រូវបានដាក់ចេញតាមរយៈអាវុធ ឬការបិទផ្លូវប្រេងឥន្ធនៈ។ ឥឡូវនេះ គួរតែជាពេលវេលា សម្រាប់ការមានសាមគ្គីភាពជាមួយគុយបា»។
ប្រធានាធិបតីអាមេរិក លោក Donald Trump បានពិចារណាយ៉ាងបើកចំហ អំពីការគ្រប់គ្រងលើគុយបា ដែលជាប្រទេសកុម្មុយនីស្ត ដោយនិយាយថា បន្ទាប់ពីមានការវាយប្រហាររបស់សហរដ្ឋអាមេរិក កាលពីខែមករា ដែលបានទម្លាក់លោក Nicolas Maduro ពីតំណែងប្រធានាធិបតីរបស់ប្រទេសវ៉េណេស៊ុយអេឡា ទីក្រុងឡាហាវ៉ាន អាចជាគោលដៅបន្ទាប់របស់លោក សម្រាប់វិធានការយោធា និងការផ្លាស់ប្តូរដ៏ធំ។
ដោយសារតែជាផ្នែកនៃការហាមឃាត់ពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ដែលត្រូវបានដាក់ចេញ បន្ទាប់ពីលោក Fidel Castro ឡើងកាន់អំណាចនៅឆ្នាំ១៩៥៩ ប្រជាជនគុយបាបានរងទុក្ខវេទនាដោយសារស្ថានភាពសេដ្ឋកិច្ចដ៏អាក្រក់អស់រយៈពេលជាច្រើនឆ្នាំ ដោយខ្វះខាតស្បៀងអាហារ ថ្នាំពេទ្យ និងមូលដ្ឋានគ្រឹះផ្សេងទៀត៕
