រដ្ឋបាលក្រុង បានរាយការណ៍នៅលើកម្មវិធីផ្ញើសារ Telegram ថា អង្គភាពការពារដែនអាកាសរុស្ស៊ី នៅកំពង់ផែ Sevastopol ក្នុងតំបន់គ្រីម៉ា បានបាញ់ទម្លាក់យានដ្រូនអ៊ុយក្រែនជាង ២៩គ្រឿង នាព្រឹកថ្ងៃពុធ (ទី២៧ ខែឧសភា ឆ្នាំ២០២៦) នេះ។
អភិបាលក្រុង Sevastopol លោក Mikhail Razvozhayev បានឲ្យដឹងថា មិនមានអ្នករងរបួសនោះទេ បើយោងតាមទិន្នន័យបឋម ដោយបន្ថែមថា អគារមួយចំនួន ត្រូវរងខូចខាត នៅក្នុងការវាយប្រហារនេះ។
ជាមួយគ្នានេះ លោកបានបញ្ជាក់ទៀតថា អ៊ុយក្រែនក៏បានប្រើប្រាស់មីស៊ីល Storm Shadow ផងដែរ។ រុស្ស៊ីដែលបានដណ្តើមកាន់កាប់តំបន់គ្រីម៉ាពីអ៊ុយក្រែនក្នុងឆ្នាំ២០១៤ ពីមុនបានកោះអញ្ជើញឯកអគ្គរដ្ឋទូតអង់គ្លេស និងបារាំង ដើម្បីតវ៉ាប្រឆាំងនឹងការប្រើប្រាស់អាវុធនេះដោយអ៊ុយក្រែន ដោយសារមីស៊ីល Storm Shadow ត្រូវបានផលិតដោយសម្ព័ន្ធក្រុមហ៊ុនបារាំង-អង់គ្លេស។
ដោយឡែកអភិបាលក្រុង Taganrog លោកស្រី Svetlana Kambulova បានឲ្យដឹងតាម Telegram ថា មនុស្ស ២នាក់ បានរងរបួសនៅក្នុងទីក្រុងកំពង់ផែ Taganrog នៅភាគខាងត្បូងរុស្ស៊ី បន្ទាប់ពីរុស្ស៊ី បានបាញ់ទម្លាក់មីស៊ីល ១គ្រាប់ នាព្រឹកថ្ងៃពុធនេះ។
ជារួម រុស្ស៊ីបានបាញ់ទម្លាក់យានដ្រូនចំនួន ១៤០គ្រឿង ពេញមួយយប់។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី Interfax ដោយសំអាងដល់ក្រសួងការពារជាតិ៕

