ក្រុមអាជ្ញាធរនិយាយថា សឺទែនស្តុកសារធាតុគីមីដែលបានផ្ទុះ និងបែកនៅរោងចក្រ Nippon Dynawave Packaging ស្ថិតក្នុងរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារដែលបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងមនុស្ស ៩នាក់ផ្សេងទៀត រងរបួស នៅតែគ្មានស្ថិរភាពនោះទេ ។
លោក Scott Goldstein គឺជាប្រធានក្រុមជួយសង្រ្គោះ និងពន្លត់អគ្គិភ័យ Cowlitz 2 និយាយនៅក្នុងសន្និសីទសារព័ត៌មានថា សឺទែនមួយនេះ មានស្តុកសា្រ.ស ដែលជាសូលុយស្យុងគីមីនៃសារធាតុសូដ្យូមអ៊ីដ្រូស៊ីត និងសូដ្យូមស៊ុលហ្វីត ប្រើប្រាស់សម្រាប់ផលិតក្រដាស បានបែកកាលពីវេលាម៉ោង ៧ និង ១៥នាទីព្រឹក ម៉ោងក្នុងស្រុក ថ្ងៃអង្គារ ។
លោក Goldstein បន្តថា ស្របពេលកាលពីដំបូងគេជឿថា សឺទែនមានផ្ទុកស្រាសចំណុះ ៨ម៉ឺនហ្គាឡុងនោះ សឺទែនមួយនេះមានសា្រស រហូតដល់ជិត ៩០ម៉ឺនហ្គាឡុងឯណោះ ក្នុងនោះវត្ថុធាតុប្រហែល ៩ម៉ឺនហ្គាឡុង នៅមាននៅក្នុងសឺទែនខូចខាត ។
ការងារស្តារឡើងវិញ បានចាប់ផ្តើមនៅថ្ងៃពុធនេះ នៅទីតាំងរោងចក្រ ស្ថិតក្នុងទីក្រុង Longview មានចម្ងាយប្រហែល ៧២គ.ម ភាគខាងជើងទីក្រុង Portland ។
ចំណែកឯលោក Matt Amos គឺជាប្រធានកងវរសេនាធំនៃនាយកដ្ឋានពន្លត់អគ្គីភ័យក្រុង Longview និយាយថា អ្នករងរបួស ដែលមួយចំនួនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ រួមទាំងកម្មករ ៨នាក់ និងភ្នាក់ងារពន្លត់អគ្គិភ័យម្នាក់ ពុំទាន់រួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិតនៅឡើយនោះទេ ៕