ប្រធានប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang និយាយនៅថ្ងៃពុធនេះ ក្រុមហ៊ុនបន្ទះឈីបរបស់លោក មានគម្រោងវិនិយោគប្រាក់ប្រហែល ១៥០ពាន់លានដុល្លារក្នុង ១ឆ្នាំ នៅកោះតៃវ៉ាន់ ដែលលោកចាត់ទុកថា ជាចំណុកណ្តាលនៃបដិវត្តន៍ AI និងជាមជ្ឈមណ្ឌលផលិតបច្ចេកវិទ្យាអនាគតរបស់ពិភពលោក សម្រាប់រយៈពេលយូរអង្វែង ។
ក្នុងពិធីដាក់ចេញគម្រោងនៅទីក្រុងតៃប៉ិ សម្រាប់ទីស្នាក់ការកណ្តាលតាមការគ្រោងទុករបស់ក្រុមហ៊ុនផលិតបន្ទះឈីបតម្លៃ ៥ សែនកោដិលានដុល្លារនេះ លោក Huang និយាយថា កាលពីរយៈពេល ៤ឆ្នាំមុន រយៈពេល ៥ឆ្នាំមុន ក្រុមហ៊ុន Nvidia ចំណាយថវិកាប្រហែល ១០-១៥ពាន់លានដុល្លារប៉ុណ្ណោះ ក្នុង ១ឆ្នាំ នៅកោះតៃវ៉ាន់ ។ បច្ចុប្បន្ន ពួកយើងនឹងចំណាយ ១០០ពាន់លានដុល្លារ ឡើងដល់ ១៥០ពាន់លានដុល្លារ នៅកោះតៃវ៉ាន់ ក្នុង ១ឆ្នាំៗ ។
លោក Huang និយាយថា គម្រោងនេះនឹងបញ្ចុះបឋមសិលាក្នុងឆ្នាំនេះ និងមានបំណងប្រតិបត្តិការនៅឆ្នាំ ២០៣០ ។
ទោះបីជាយ៉ាងណាក៏ដោយ លោកពុំបានផ្តល់ពេលវេលាកំណត់រយៈពេលប៉ុន្មានឆ្នាំ ដែលក្រុមហ៊ុនគ្រោងនឹងវិនិយោគថវិកា ១៥០ពាន់លានដុល្លារនោះឡើយ ។
ទីស្នាក់ការកណ្តាលនៅកោះតៃវ៉ាន់នេះដែរ នឹងធ្វើឲ្យក្រុមហ៊ុន Nvidia តាមកាន់តែប្រកិតជាមួយក្រុមហ៊ុន TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបធំបំផុតរបស់ពិភពលោក ។
វានឹងជួយផងដែរឲ្យក្រុមហ៊ុនមានតម្លៃបំផុតរបស់ពិភពលោកមួយនេះ ជំរុញសម្ព័ន្ធភាពជាមួយដៃគូផលិតជាច្រើនទៀត រួមទាំងក្រុមហ៊ុន Foxconn, Wistron និងក្រុមហ៊ុន Quanta Computer ៕