មន្រ្តីកងទ័ពមួយរូបនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ឡាតវី កំពុងបង្កើនប្រព័ន្ធការពារប្រឆាំងយានដ្រូននៅតាមព្រំដែនជាមួយរុស្ស៊ី ហើយនិងសម្ព័ន្ធមិត្តទីក្រុងមូស្គូ គឺប្រទេសបេឡារុស ជាការឆ្លើយតបនឹងយានដ្រូនដែលហោះចូលប្រទេសសមាជិកអង្គការណាតូមួយនេះ ។
យានដ្រូនអ៊ុយក្រែន បានហោះវង្វេងផ្លូវចូលទៅក្នុងដែនអាកាសរបស់បណ្តាប្រទេសតំបន់បាល់ទិករបស់អង្គការណាតូ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ជាហេតុសាបព្រួសការភ័ណ្ឌភាំង និងបង្កើនភាពតានតឹងជាមួយរុស្ស៊ី ចំពេលដែលការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះសន្តិសុខសមូហភាពអង្គការណាតូ ស្ថិតក្នុងភាពស្រពិចស្រពិល ។
អ៊ុយក្រែនដែលមានគោលដៅលើកំពង់ផែស្តុកប្រេងតំបន់បាល់ទិករបស់រុស្ស៊ី បាននិយាយថា រុស្ស៊ីបានធ្វើឲ្យស្ទះសញ្ញាយានដ្រូនរបស់ពួកគេ បណ្តាលឲ្យយានដ្រូនទាំងនោះ ហោះវង្វេងផ្លូវបែបនេះ ។
លោក Modris Kairiss គឺជាប្រធានមជ្ឈមណ្ឌលសមត្ថភាពប្រព័ន្ធស្វយ័តកងទ័ពឡាតវីនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ពួកយើងមានគម្រោងដាក់ពង្រាយក្រុមយានដ្រូនបាញ់ស្កាត់នៅរយៈពេល ២សប្តាហ៍ក្រោយ ។
លោកបន្តថា ក្រុមយានដ្រូននេះ មានទាហាន ៤នាក់ ដែលប្រតិបត្តិការយានដ្រូនពិឃាតចេញពីរថយន្ត និងមានសមត្ថភាពបំផ្លាញយានដ្រូនយោធាហោះចូលមកនៅចម្ងាយ ១០គ.ម ។
ក្រុមយានដ្រូនបែបនេះជាច្រើន នឹងត្រូវដាក់ពង្រាយនៅតាមបណ្តោយព្រំដែនចម្ងាយ ៤០០គ.មជាមួយរុស្ស៊ី និងសម្ព័ន្ធមិត្តបេឡារុស ៕