ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម បានជួបប្រទះរលកកម្តៅធ្ងន់ធ្ងរ ខណៈដែលសីតុណ្ហភាពពេលថ្ងៃបានកើនឡើងខ្ពស់រហូតដល់ ៤១អង្សាសេ នាថ្ងៃពុធនេះ ។
ស្របពេលដែលការព្យាករអាកាសធាតុបានរាយការណ៍ថា សីតុណ្ហភាពបានកើនឡើងដល់ប្រហែល ៤០អង្សាសេ សីតុណ្ហភាពខាងក្រៅដោយសារចំហាយពីផ្លូវនៅថ្ងៃត្រង់ អាចកើនឡើងរហូតដល់ ៥០អង្សាសេឯណោះ ។
ប្រជាពលរដ្ឋដែលធ្វើការខាងក្រៅ នាំគ្នានិយាយត្អូញត្អែរថា ពួកគេមិនអាចស៊ូទ្រាំបានឡើយ នឹងអាកាសធាតុក្តៅខ្លាំងបែបនេះ ហើយនៅពេលយប់ពួកគេពុំអាចដេកពួនបានទៀតហើយ ដោយសារដាច់ចរន្តអគ្គិសនី ។
លោក Nguyen Thi An គឺជាអ្នកដើរទិញអេតចាយវ័យ ៦៦ឆ្នាំមួយរូប និយាយថា លោកបានដើរឈប់ៗ រួចសម្រាក ប៉ុន្តេពេលដែលលោកអង្គុយសម្រាក លោកមានអារម្មណ៍ថា កម្តៅកំពុងតែសម្លាប់រូបលោកអញ្ចឹងដែរ ។
ចំណែកឯលោក Pham Thi គឺជាម្ចាស់ហាងតូចមួយលក់តាមផ្លូវ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា លោកមានអារម្មណ៍ថា ដូចជាចង់ថប់ដង្ហើម បើសិនជាលោកបន្តចេញក្រៅបែបនេះ ។
ក្រសួងឧស្សាហកម្មវៀតណាម និយាយថា រលកកម្តៅបានដាក់សម្ពាធរួចទៅហើយលើបណ្តាញចរន្តអគ្គិសនី ហើយបញ្ហាអាចនឹងធ្ងន់ធ្ងរជាងនេះ ស្របពេលដែលបាតុភូតអែល នីញ៉ូ ត្រូវបានគេព្យាករថា នឹងវិលត្រឡប់មកវិញ នៅខែកក្កដាឯណោះ ៕