អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus នៅថ្ងៃពុធ (ទី២៧ ខែឧសភា ឆ្នាំ២០២៦) នេះ បានព្រមានថា អំពើហិង្សាកាន់តែខ្លាំងឡើងៗ នៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កំពុងធ្វើឲ្យការផ្ទុះឡើងនូវជំងឺ Ebola កាន់តែអាក្រក់ទៅៗ និងរារាំងដល់កិច្ចប្រឹងប្រែងមនុស្សធម៌ ដើម្បីទប់ស្កាត់ជំងឺនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានបង្ហោះតាមរយៈបណ្ដាញសង្គម X លោក Tedros បានលើកឡើងថា ការផ្ទុះឡើងនូវជំងឺ Ebola នៅក្នុងខេត្ត Ituri គឺ «ហួសពីសមត្ថភាពឆ្លើយតប» ខណៈដែលការប្រយុទ្ធគ្នា និងការភៀសសឹក រារាំងដល់លទ្ធភាពចូលទៅកាន់សហគមន៍ដែលរងផលប៉ះពាល់។ លោកបានសរសេរថា៖ «ភាគខាងកើតប្រទេសកុងហ្គោ ឥឡូវនេះប្រឈមមុខនឹងហេតុការណ៍ដំណាលគ្នាដ៏មហន្តរាយ គឺជំងឺ និងជម្លោះ»។
លោក Tedros បានបន្ថែមថា ការផ្ទុះឡើងនេះ ពាក់ព័ន្ធនឹងវីរុស Ebola ប្រភេទ Bundibugyo ដែលបច្ចុប្បន្នមិនទាន់មានវ៉ាក់សាំង ឬការព្យាបាលដែលត្រូវបានអនុម័តនឡើយ។ លោកបានព្រមានថា ការប្រយុទ្ធគ្នាដែលកំពុងបន្តមាន កំពុងបង្ខំមនុស្សពាក់ព័ន្ធនឹងជំងឺនេះចូលទៅក្នុងជំរំដែលមានមនុស្សច្រើនកុះករ ខណៈពេលដែលបានកាត់ផ្តាច់ផ្លូវសំខាន់ៗ ដើម្បីទប់ស្កាត់ជំងឺ។
លោកបានជំរុញឲ្យគ្រប់ភាគីទាំងអស់ដែលពាក់ព័ន្ធនឹងជម្លោះ យល់ព្រមឲ្យមានបទឈប់បាញ់បន្ទាន់ ហើយអនុញ្ញាតឲ្យក្រុមគ្រូពេទ្យ «មានលទ្ធភាពចូលដោយសុវត្ថិភាព និងចីរភាព» ដើម្បីឆ្លើយតបទៅនឹងការផ្ទុះឡើងនូវជំងឺនេះ៕