កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍ (ទី២៨ ខែឧសភា ឆ្នាំ២០២៦) នេះ បានឲ្យដឹងថា ខ្លួនបានកំណត់គោលដៅលើមូលដ្ឋានទ័ពអាកាសអាមេរិក បន្ទាប់ពីយោធាអាមេរិកបានអនុវត្តនូវអ្វីដែលមន្ត្រីទីក្រុងវ៉ាស៊ីនតោនមួយរូបបានប្រាប់ថា គឺជាការវាយប្រហារកំណត់គោលដៅលើប្រតិបត្តិការយានដ្រូនរបស់អ៊ីរ៉ង់ នៅជិតច្រកសមុទ្រ Hormuz ដោយការអះអាងពីភាគីទាំង២ នេះ បានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតី លោក Donald Trump បានបដិសេធរបាយការណ៍មួយ ដែលថា លោកជិតឈានដល់កិច្ចព្រមព្រៀងសម្របសម្រួលជាមួយទីក្រុងតេអេរ៉ង់ហើយ។
ការកើនឡើងនូវអរិភាពនេះ បានបង្ហាញពីហានិភ័យ ចំពោះបទឈប់បាញ់ផុយស្រួយ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបានចូលជាធរមានកាលពីដើមខែមេសា ពោលគឺបានបំផ្លាញក្តីសង្ឃឹម ក្នុងការមានកិច្ចព្រមព្រៀងសន្តិភាព និងធ្វើឲ្យតម្លៃប្រេងហក់ឡើងម្តងទៀត។

ដោយបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ពេលរៀបរាប់ដោយឥតលាក់លៀម អំពីប្រតិបត្តិការយោធា មន្ត្រីអាមេរិករូបនេះបានប្រាប់សារព័ត៌មាន Reuters ថា យោធាបានបាញ់ទម្លាក់យានដ្រូនវាយប្រហាររបស់អ៊ីរ៉ង់ចំនួន ៤គ្រឿង និងបានវាយប្រហារស្ថានីយត្រួតពិនិត្យលើដីមួយកន្លែង នៅទីក្រុងកំពង់ផែ Bandar Abbas មុនពេលមានការបាញ់បង្ហោះយានដ្រូនទី៥។
ចំណែកទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍ថា កងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) បានឲ្យដឹងថា ខ្លួនបានកំណត់គោលដៅមូលដ្ឋានទ័ពអាមេរិកមួយកន្លែង ដើម្បីឆ្លើយតបទៅនឹងអ្វីដែលខ្លួនបានពិពណ៌នាថា ជាការវាយប្រហារនាពេលព្រឹករបស់អាមេរិក នៅជិតអាកាសយានដ្ឋានទីក្រុង Bandar Abbas។ IRGC បានបញ្ជាក់ថា ពួកគេបានកំណត់គោលដៅមូលដ្ឋានទ័ពអាកាសអាមេរិក ដែលការវាយប្រហារលើស្ថានីយត្រួតពិនិត្យ នៅជិតទីក្រុង Bandar Abbas បានចាប់ផ្តើមឡើង។
រីឯគូវ៉ែត ដែលមានមូលដ្ឋានទ័ពអាមេរិកដ៏ធំមួយ បានបញ្ជាក់ថា ខ្លួនកំពុងឆ្លើយតបទៅនឹងការវាយប្រហារដោយមីស៊ីល និងយានដ្រូន តែមិនបានបញ្ជាក់ថា ការវាយប្រហារទាំងនោះចេញមកពីទីណាឡើយ។
នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដែលមានការចូលរួមពីប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃពុធ លោក Trump បានបដិសេធសេចក្ដីរាយការណ៍របស់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ដែលថា ខ្លួនទទួលបានសេចក្តីព្រាងក្រៅផ្លូវការនៃកិច្ចព្រមព្រៀង ដើម្បីស្តារការដឹកជញ្ជូនពាណិជ្ជកម្មឆ្លងកាត់ច្រកសមុទ្រឲ្យដល់កម្រិតមុនសង្គ្រាម ក្នុងរង្វង់រយៈពេល ១ខែ ដោយអ៊ីរ៉ង់ និងអូម៉ង់រួមគ្នាគ្រប់គ្រងចរាចរណ៍៕

