ភ្នំពេញ ៖ ក្នុងពិធីចុះអនុស្សារណៈយោគយល់រវាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងធនាគារវឌ្ឍនៈអាស៊ីចំកាត់(ABA Bank) នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានថ្លែងអំណរគុណចំពោះធនាគារវឌ្ឍនៈអាស៊ីចំកាត់(ABA Bank) ដែលចុះអនុស្សារណៈយោគយល់ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងសមាគមសិស្សនិស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត(AMT) និងផ្ដល់ថវិកាចំនួន១០ម៉ឺនដុល្លារក្នុងរយៈពេល១ឆ្នាំ ដើម្បីចូលរួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពមនុស្សធម៌ដើម្បីបុព្វហេតុសង្គមជាតិតាមរយៈការចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស និងផ្ដល់ថវិកាចំនួន១០ម៉ឺនដុល្លារក្នុងរយៈពេល១ឆ្នាំជូនសមាគមសិស្សនិស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេ ជោ ហ៊ុនសែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត(AMT)ផ្ដល់ឱកាសឱ្យសិស្សនិស្សិតអាហារូបករណ៍បានសិក្សារៀនសូត្រដើម្បីយកចំណេះដឹងជំនាញកសាងអនាគតរបស់ពួកគេ។
ឯកឧត្ដមបន្តថា បើទោះបីជាធនាគារវឌ្ឍនៈអាស៊ីចំកាត់(ABA Bank) ជាក្រុមហ៊ុនឯកជនរកប្រាក់ចំណេញក្តីប៉ុន្តែយើងមានបេសកកម្មសង្គមស្រដៀងគ្នាក្នុងការចូលរួមសកម្មភាពមនុស្សធម៌ តាមរយៈការផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋ។ ការចូលរួមចុះអនុស្សរណៈយោគយល់គ្នានេះបានផ្ដល់លទ្ធភាពឲ្យសមាគម TYDA បញ្ជូនកម្លាំងស្ម័គ្រចិត្តដែលមានជំនាញទឹកចិត្ត ឆន្ទ: ដើម្បីផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស និងបានផ្តល់ក្តីសង្ឃឹមស្នាមញញឹម និងក្តីសុខរបស់ប្រជាពលរដ្ឋ។
ឯកឧត្ដមបន្ថែមថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) គឺមានគោលការណ៍ ០៣ នៅក្នុងការអនុវត្តកិច្ចការមនុស្សធម៌ដើម្បីបុព្វហេតុជួយដល់ប្រជាពលរដ្ឋ គឺ៖
១-ការផ្ដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋតាមរយៈការព្យាបាលឥតគិតថ្លៃ និងបញ្ជូនមកវះកាត់ និងព្យាបាលបន្តនៅរាជធានីភ្នំពេញក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីផ្តល់ក្តីសង្ឃឹម ស្នាមញញឹម និងក្តីសុខរបស់ប្រជាពលរដ្ឋ។
២-ដើម្បីប្រមូលផ្ដុំ និងផ្តល់ឱកាសដល់កម្លាំងស្ម័គ្រចិត្ត ដែលមានជំនាញ ទឹកចិត្ត ឆន្ទៈ ដើម្បីចូលរួមធ្វើសកម្មភាពមនុស្សធម៌ ដើម្បីបុព្វហេតុសង្គមតាមរយៈការចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស។
៣-ផ្ដល់លទ្ធភាព ការបណ្ដុះបណ្ដាលសមត្ថភាពដល់សមាជិក និងក្រុមការងារ ដើម្បីអភិវឌ្ឍខ្លួនឲ្យកា ន់តែរីកចម្រើនក្នុងការយកជំនាញបច្ចេកទេសព្យាបាលជូនប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា។
ឯកឧត្ដមក៏បានស្នើឱ្យធនាគារ ABA ផ្តល់ឱកាសសម្រាប់សិស្ស និស្សិតអាហារូបករណ៍សម្ដេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត មានឱកាសចុះធ្វើកម្មសិក្សាសាកល្បងការងារតាមជំនាញរបស់ពួកគេ ដើម្បីផ្ដល់ឱកាសឲ្យសិស្សនិស្សិតមានបទពិសោធន៍ និងការងារជំនាញរបស់ខ្លួនប្រកបដោយសមត្ថភាព និងប្រសិទ្ធភាពខ្ពស់៕ ដោយ៖ គង់ ឌិន








