អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក J.D. Vance បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ២៨ ឧសភា ថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់សម្រេចបានវឌ្ឍនភាពល្អឆ្ពោះទៅរកកិច្ចព្រមព្រៀងពង្រីកបទឈប់បាញ់ ប៉ុន្តែលោកប្រធានាធិបតី Donald Trump មិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីអនុម័តនៅឡើយទេ។

លោកVance បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ពួកលោកកំពុងពិភាក្សាគ្នាឡើងវិញលើចំណុចភាសាមួយចំនួន។ពួកលោកសម្រេចបានវឌ្ឍនភាពជាច្រើននៅទីនេះ ប៉ុន្មានម៉ោងបន្ទាប់ពីប្រភពព័ត៌មានអាមេរិកនិយាយថាទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់បានយល់ព្រមលើកិច្ចព្រមព្រៀងមួយ។

លោកបានបន្ថែមថា សង្ឃឹមថាពួកលោកនឹងបន្តសម្រេចបានវឌ្ឍនភាព ហើយប្រធានាធិបតីនឹងស្ថិតក្នុងជំហរមួយដែលលោកអាចគាំទ្រកិច្ចព្រមព្រៀងនេះ ប៉ុន្តែជាក់ស្តែងវានៅតែមិនទាន់កំណត់បាន។
ប្រភពព័ត៌មានបានប្រាប់សារព័ត៌មាន Reuters ថ្មីៗនេះថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងមួយកាលពីថ្ងៃព្រហស្បតិ៍២៨ឧសភា សប្ដាហ៍នេះ ដើម្បីពង្រីកបទឈប់បាញ់របស់ខ្លួន និងដកការរឹតបន្តឹងលើការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz ទោះលោក Trump មិនទាន់បានអនុម័តវាក៏ដោយ ហើយប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បាននិយាយថា កិច្ចព្រមព្រៀងព្រៀងនោះ មិនទាន់ត្រូវបានសម្រេចជាចុងក្រោយនៅឡើយទេ។
យោងតាមប្រភពចំនួនបួនដែលដឹងបញ្ហានេះ កិច្ចព្រមព្រៀងនេះនឹងបន្តបទឈប់បាញ់រយៈពេល ៦០ ថ្ងៃទៀត និងអនុញ្ញាតឱ្យចរាចរណ៍ឆ្លងកាត់ផ្លូវទឹកយុទ្ធសាស្ត្រនេះ ខណៈក្រុមអ្នកចរចាដោះស្រាយបញ្ហាលំបាកៗដូចជាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាដើម។
ប្រសិនបើត្រូវបានអនុម័តដោយថ្នាក់ដឹកនាំនៅទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ វានឹងស្មើនឹងជំហានដ៏ធំបំផុតឆ្ពោះទៅរកសន្តិភាពចាប់តាំងពីជម្លោះបានចាប់ផ្តើមកាលពីថ្ងៃ២៨ កុម្ភៈ២០២៦នេះ ។ ព័ត៌មានអំពីកិច្ចព្រមព្រៀងដែលអាចធ្វើទៅបាននេះ បានកើតឡើងបន្ទាប់ពីការវាយប្រហារសងសឹកគ្នារវាងប្រទេសទាំងពីរ ដែលជាឧបទ្ទវហេតុចុងក្រោយបំផុតចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីដើមខែមេសា ឆ្នាំនេះ ៕

