លោកវេជ្ជបណ្ឌិត Jean Kaseya អគ្គនាយកមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាហ្វ្រិក (CDC) បានព្រមានថា ការផ្ទុះឡើងនៃជំងឺអេបូឡាបច្ចុប្បន្នដែលមានចំណុចកណ្តាលនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ អាចរីករាលដាលដល់ ១២ ប្រទេស ខណៈក្រុមមន្ត្រីសុខាភិបាលកំពុងប្រឹងប្រែង ទប់ស្កាត់អ្វីដែលឥឡូវនេះត្រូវបានហៅថាជាការផ្ទុះឡើងនៃជំងឺអេបូឡាធំបំផុតទីពីរចាប់តាំងពីការរាតត្បាតនៅអាហ្វ្រិកខាងលិចកាលពីមួយទសវត្សរ៍មុន។

ដោយនិយាយអំពីប្រភពដើមនៃការផ្ទុះរាលដាល លោកវេជ្ជបណ្ឌិត Kaseya បាននិយាយថា ការជូនដំណឹងលើកដំបូងបានធ្វើឡើងនៅថ្ងៃទី ៥ ខែឧសភា២០២៦ ក្នុងខេត្ត Ituri របស់ប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ប៉ុន្តែការធ្វើតេស្តដំបូងបានបរាជ័យក្នុងការរកឃើញវីរុសនេះ ដោយសារតែក្រុមវេជ្ជសាស្ត្រក្នុងស្រុកបានពិនិត្យរកឃើញតែអំបូរវីរុសរួម Zaire នៃជំងឺអេបូឡា តែប៉ុណ្ណោះ។

លោក Kaseya បាននិយាយថា នៅពេលពួកគេបានធ្វើតេស្ត វីរុស Zaire វាចេញមកអវិជ្ជមាន។ ពួកគេគិតថាវាមិនមែនជាជំងឺអេបូឡាទេ។ ក្រោយមក នៅពេលពួកលោកមានករណីឆ្លងផ្សេងទៀត ពួកគេបានផ្ញើសំណាកទៅកាន់ទីក្រុងគីនសាសា (Kinshasa) របស់ប្រទេសកុងហ្គោ ហើយនៅទីក្រុង គីនសាសា នៅថ្ងៃទី ១៤ ឧសភា ពួកគេបានរកឃើញថាវាជាវីរុសប្រភេទ Bundibugyo។
លោកថាការបញ្ជាក់ថាប្រទេសជិតខាងអ៊ូហ្គង់ដាក៏បានកត់ត្រាករណីឆ្លងផងដែរ បានជំរុញឱ្យមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាហ្វ្រិក និងរដ្ឋាភិបាលក្នុងតំបន់ប្រកាសជាផ្លូវការអំពីការផ្ទុះឡើងនៃជំងឺនេះ។
យោងតាមទិន្នន័យចុងក្រោយរបស់អង្គការសុខភាពពិភពលោក WHO មានករណីឆ្លងសង្ស័យថាជា វីរុស អេបូឡា ចំនួន១.០៧៧ ករណី ដោយក្នុងនោះ ចំនួន១២១ករណី ត្រូវបានបញ្ជាក់ ហើយក៏បានបង្ហាញផងដែរថាមានករណីស្លាប់សង្ស័យថាដោយសារជំងឺអេបូឡា ២៤៦នាក់ និងការស្លាប់១៧នាក់ត្រូវបានបញ្ជាក់។
នៅពេលប្រមុខអង្គការ WHO លោក Tedros Adhanom Ghebreyesus បានទៅដល់ទីក្រុងទីក្រុង Kinshasa កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោកបានព្រមានពីផលប៉ះពាល់ធ្ងន់ធ្ងរ នៃជំងឺអេបូឡានិងសង្គ្រាម នៅកុងហ្គោ។ថ្មីៗនេះលោកក៏បានព្រមានផងដែរថាការឆ្លងជំងឺអេបូឡាមានល្បឿនលឿនជាងពួកលោកគិតទៅទៀត៕

